(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើអង្គភាព និងជនជាតិរុស្ស៊ីជាច្រើននាក់ ពាក់ព័ន្ធនឹងការលូកដៃចូលក្នុង កិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ និងការវាយប្រហារផ្នែកព័ត៌មានវិទ្យា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
យោងតាមរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្ម លើជនជាតិរុស្ស៊ី ១៩នាក់ និងអង្គភាព ឬក្រុមហ៊ុនចំនួន ០៥ ក្នុងនោះរួមមានទាំងសេវាកម្មស៊ើបការណ៍សំងាត់រុស្ស៊ីផងដែរ ដោយ ចោទថាទីក្រុងមូស្គូ បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ និងវាយប្រហារព័ត៌មានវិទ្យាដែលមាន គោលដៅលើរោងចក្រថាមពល របស់សហរដ្ឋអាមេរិក។
លោក Mnuchin បន្ថែមថា ផ្អែកលើទណ្ឌកម្មនេះ ក្រុមហ៊ុន ឬពលរដ្ឋអាមេរិក ត្រូវបានហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្ម ជាមួយនឹងជនជាតិរុស្ស៊ី និងក្រុមហ៊ុនត្រូវជាប់ទណ្ឌកម្ម ហើយមិនតែប៉ុណ្ណោះ ទ្រព្យសម្បត្តិរបស់ពួកគេ នៅក្នុងសហរដ្ឋអាមេរិក ក៏នឹងត្រូវបង្កកទៀតផង។
ក៏ប៉ុន្តែទណ្ឌកម្មនេះ មិនមានគោលដៅលើក្រុមមន្ត្រី ដែលស្និទ្ធនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នោះទេ ដែលជាហេតុជំរុញអ្នកប្រជាធិបតេយ្យ ស្នើឱ្យលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មបន្ថែម។ មួយវិញទៀត ការដាក់ទណ្ឌកម្មនេះទៀតសោត កើតមាន ឡើងនៅចំពេលអង់គ្លេស កំពុងប្រមូលផ្ដុំការគាំទ្រ ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជុំវិញសំណុំរឿងបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ីម្នាក់ កាលពីដើមខែមីនា នៅលើទឹកដីអង់គ្លេស៕