(ប៉ារីស)៖ ផ្ទុយពីសហរដ្ឋអាមេរិក ដែលកំពុងគាំទ្រអង់គ្លេសនោះ រដ្ឋាភិបាលបារាំង ឯណេះវិញបែរជាបានបំផ្លាញការព្យាយាមរបស់ លោកស្រីនាយករដ្ឋមន្ត្រី ធេរ៉េសា ម៉ាយ (Theresa May) ក្នុងការប្រមូលការគាំទ្រប្រឆាំងនឹងរុស្ស៊ី ដោយទីក្រុងប៉ារីសបាននិយាយថា ខ្លួនចង់ឃើញភស្ដុតាងបន្ថែម នៅពីក្រោយការបំពុលសម្លាប់ អតីតមន្ត្រីចារកម្មរុស្ស៊ី នៅក្នុងទីក្រុង សាលីសប៊ឺរី (Salisbury) របស់អង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធេរ៉េសា ម៉ាយ (Theresa May) កាលពីថ្ងៃពុធម្សិលមិញបានប្រកាសថា រដ្ឋាភិបាលលោកស្រីនឹងបណ្ដេញមន្ត្រីទូតរុស្ស៊ី ២៣នាក់ ចេញពីប្រទេស។ ការសម្រេចចិត្តនេះ កើតមានឡើងក្រោយទីក្រុងម៉ូស្គូបានដិសេធ ធ្វើការបកស្រាយថា ហេតុអ្វីបានជាសារពុលផលិតនៅរុស្ស៊ី ត្រូវបានគេប្រើប្រាស់ដើម្បីបំពុលសម្លាប់ អតីតចារកិច្ចរុស្ស៊ីលោក ស៊ឺហ្គៃ ស្គ្រីប៉ាល់ (Sergei Skripal) និងកូនស្រីរបស់លោក ឈ្មោះ យូលៀ (Yulia) នៅក្នុងទីក្រុង សាលីប៊ឺរី (Salisbury) នៃទឹកដីអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ។
បច្ចុប្បន្នអ្នកទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ រីឯសហរដ្ឋអាមេរិក បានចេញមុខគាំទ្រទីក្រុងឡុងដ៍យ៉ាងពេញទំហឹង ចំពោះការចាត់វិធានការប្រឆាំងនឹងទីក្រុងម៉ូស្គូ។
តែផ្ទុយទៅវិញ បារាំងដែលជាសម្ព័ន្ធរបស់អង់គ្លេសបែរជានិយាយថា ការសម្រេចចិត្តរបស់លោកស្រី ម៉ាយ ហាក់ដូចជាលឿន ហួសហេតុពេក។ អ្នកនាំពាក្យប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង គឺលោក ប៊ិនចាមីណ គ្រីវ៉ុកស៍ (Benjamin Griveaux) បានគូស បញ្ជាក់យ៉ាងដូច្នេះថា «យើងមិនចង់បង្កើតលែ្បងនយោបាយអ្វីនោះទេ ហើយយើងត្រូវការភស្ដុតាងបន្ថែម មុននឹងធ្វើការសម្រេចចិត្ត ណាមួយ ពោលគឺបារាំងនៅរង់ចាំការសន្និដា្ឋនបញ្ចប់ចុងក្រោយ និងភស្ដុងតាងទាំងស្រុងជាមុនសិន»។ វាការបង្ហាញជំហរហាក់ដូចជាប្រឆាំងគ្នាឯង គិតចាប់តាំងពីអង់គ្លេស សម្រេចដកខ្លួនចេញពីសហភាពអឺរ៉ុបនោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក ស៊ឺហ្គៃ ស្គ្រីប៉ាល់ (Sergei Skripal) និងកូនស្រីរបស់លោកឈ្មោះ យូលៀ (Yulia) កំពុងស្ថិតនៅ ក្នុងស្ថានភាពធ្ងន់ធ្ងរ រីឯសហរដ្ឋអាមេរិក បានចេញមុខគាំទ្រទីក្រុងឡុងដ៍យ៉ាងពេញទំហឹង ចំពោះការចាត់វិធានការប្រឆាំងនឹង ទីក្រុងម៉ូស្គូ។ ក៏ប៉ុន្តែ ទន្ទឹមគ្នា អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេប៊ិនស៊ីយ៉ា (Vasily Nebenzya) បានចាត់ទុកថា ការសម្រេចចិត្តរបស់អង់គ្លេសគឺជារឿង មិនអាចទទួលយក និងអយុត្តិធម៌ ហើយថាទីក្រុងម៉ូស្គូ នឹងចាត់វិធានការសងសឹក បកទៅអង់គ្លេសវិញ៕