(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្កើតគណៈកម្មាធិការមួយ ដែលមានភារកិច្ចរៀបចំ និងចាត់ចែងកិច្ចការនានា សម្រាប់កិច្ចជំនួបកំពូល ជាមួយប្រមុខដឹកនាំរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងមកដល់នាខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
អ្នកនាំពាក្យប្រធានាធិបតី លោក គីម អ៊ុយគ្យុម (Kim Eui-keyom) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះថា លោក មូន បានចាត់តាំងលោក អ៊ីម ចុងសឿក (Im Jong-seok) ដែលមានមុខតំណែងជាប្រធានការិយាល័យរបស់ប្រធានាធិបតី ឲ្យដឹកនាំគណៈកម្មាធិការរៀបចំថ្មីនេះ ខណៈរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិ លោក ចូ ម្យុងក្យុន (Cho Myoung-gyon) ត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុរបស់លោក Kim នៅក្នុងគណៈកម្មាធិការនេះ។
គួរជម្រាបថា លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាបើកកិច្ចប្រជុំកំពូលលើកទីមួយ រវាងលោកទាំងពីរ នាចុងខែមេសា ខាងមុខ នៅឯអគារ Peace House ខាងកូរ៉េខាងត្បូង ក្នុងភូមិ Panmunjom ដែលនៅចន្លោះកណ្តាល នៃព្រំដែនប្រទេសទាំងពីរ។
អ្វីដែលពិសេសនោះ ប្រសិនបើលោក គីម សម្រេចចិត្តអញ្ជើញមកចូលរួមដោយខ្លួនលោកផ្ទាល់ ពោលគឺពុំបញ្ជូនតំណាងជាន់ខ្ពស់ មកចូលរួមកិច្ចប្រជុំជំនួសវិញនោះ លោក គីម នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងទីមួយហើយ ដែលឈានជើងជាន់ទឹកដីកូរ៉េខាងត្បូង គិតចាប់តាំងតែសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ ១៩៥៣ បានបញ្ចប់ទៅក្រោមបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពពេញលេញឡើយ។ ដូច្នេះហើយបងប្អូនទាំងនេះពីរ នៅតែពុំទាន់បញ្ចប់សង្រ្គាមដាច់ស្រេចទាំងស្រុងជាមួយគ្នានោះទេ៕