(អង់ការ៉ា)៖ ងាកអំពីព័ត៌មាននៃប្រតិបត្តិការយោធាតួកគី សង្គ្រប់ទៅលើតំបន់ Afrin ទឹកដីស៊ីរីនោះ យោធាប្រទេសតួកគី បានប្រកាសឲ្យដឹងថា កងទ័ពជើងអាកាសរបស់ខ្លួន បានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃនៅលើតំបន់ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ ដោយបានកម្ទេចទីតាំង ក៏ដូចជាសមាជិកក្រុមភេរវករសរុបចំនួន ៨មូលដ្ឋាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយអគ្គសេនាធិការយោធាតួកគី ប្រតិបត្តិការទម្លាក់គ្រាប់បែកខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងតំបន់ ហាឃើក (Hakurk) និង ហ្សេប (Zap) របស់អ៊ីរ៉ាក់។ ជាមួយគ្នានេះ យោធាតួកគីពុំបានផ្តល់ព័ត៌មានលម្អិតអំពីក្រុមភេរវករ ដែលខ្លួនបានកម្ទេចនោះឡើយ ប៉ុន្តែជាទូទៅការវាយប្រហារតាមផ្លូវអាកាសរបស់តួកគី តែងតែធ្វើឡើងទៅលើក្រុមឃើដ PKK។
គួរជម្រាបថា PKK ដែលត្រូវបានចាត់ចូលក្នុងបញ្ជីភេរវករដោយតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននិងកំពុងបង្កភាពវឹកវរនៅក្នុងប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ ដើម្បីបង្កើតរដ្ឋឃើដឯករាជ្យមួយ ចាប់តាំងតែពីទសវត្សរ៍ទី ៧០ មកម្ល៉េះ។ ដោយឡែក ការវាយប្រហារខាងលើនេះទៀតសោត បានកើតមានឡើង នៅចំពេលដែលប្រតិបត្តិការយោធាដ៏ក្តៅគគុកមួយ ដែលដឹកនាំដោយយោធាតួកគី នៅក្នុងតំបន់ Afrin ភាគខាងជើងស៊ីរី ដែលមានគោលដៅលើក្រុមអ្នកប្រយុទ្ធឃើដ YPG ដែលរងការចោទប្រកាន់ដោយទីក្រុងអង់ការ៉ាថា មានទំនាក់ទំនងជាមួយក្រុម PKK កំពុងបន្តប្រព្រឹត្តទៅ៕