(វ៉ាស៊ីនតោន)៖ បុរសអាមេរិកម្នាក់ ដែលបានជាប់ពន្ធនាគារអស់រយៈពេលជាងបីទសវត្សរ៍ ពីបទមនុស្សឃាត និងទើបតែត្រូវបានដោះលែងនាពេលថ្មីៗនេះ បានមកអង្វរឱ្យប៉ូលិសចាប់រូបគេដាក់ពន្ធនាគារវិញ ដោយសារតែគ្មានផ្ទះសម្បែងស្នាក់នៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
លោក Paul H. Barroni មានអាយុ ១៧ឆ្នាំ ក្នុងឆ្នាំ១៩៧៩ នៅពេលគាត់ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ ៣៥ឆ្នាំ ពីបទចាក់សម្លាប់សិស្សស្រីវិទ្យាល័យ Missouri ម្នាក់ដែលមិនព្រមទៅដើរកម្សាន្តជាមួយខ្លួន។ បន្ទាប់ពីបានជាប់ពន្ធនាគារ ៣៨ឆ្នាំ បូករួមទាំងបទល្មើសជាច្រើនទៀត លោក Barroni ត្រូវបានតុលាការដោះលែង ឱ្យមានសេរីភាពកាលពីថ្ងៃទី០៨ ខែកុម្ភៈ ក៏បុន្តែទាន់ទាំងបានមួយខែស្រួលបួលផង បុរសវ័យ ៥៧ឆ្នាំរូបនេះ បានដើរចូលបាមួយកន្លែងក្នុង ទីក្រុង Clayton នៃរដ្ឋ Missouri ហើយបានគំរាមបាញ់សម្លាប់បុគ្គលិកស្រីម្នាក់ បើសិនជានាងមិនព្រមទូរស័ព្ទហៅប៉ូលិស។
យ៉ាងណាក៏ដោយ ប៉ូលិសបានអះអាងថា Barroni មិនមានកាំភ្លើងនៅក្នុងដៃនោះទេ ដោយលោកគ្រាន់តែប្រើម្រាមដៃបន្លំ ជាកាំភ្លើងតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ប៉ូលិសក៏បានឱ្យដឹងដែរថា លោក Barroni ចង់ឱ្យប៉ូលិសចាប់ខ្លួនបញ្ជូនទៅពន្ធនាគារវិញ ដោយសារតែលោកត្រូវបានគេបណ្ដេញចេញពីផ្ទះសា្នក់ ក្រោមហេតុផលមិនគោរពតាមបទតាមបញ្ជា។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Paul H. Barroni កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសប្លន់ និងតម្រូវឱ្យបង់ប្រាក់ ២៥០,០០០ដុល្លារ ដើម្បីនៅក្រៅឃុំ។ ចំណែកឯមេធាវីរបស់លោកតែងតាំងដោយតុលាការ មិនបានធ្វើការអត្ថាធិប្បាយអ្វី នោះទេ៕