(ម៉ូស្គូ)៖ ខណៈដែលសហរដ្ឋអាមេរិក បាននិងកំពុងបង្កើនសកម្មភាពផ្នែកការទូត ប្រឆាំងនឹងទីក្រុងម៉ូស្គូ អមជាមួយនិងទណ្ឌកម្មដែលត្រូវបានដាក់ជាច្រើនរួចមកហើយនោះ ប្រជាជនអាមេរិកវិញហាក់ដូចជាគ្មានអើពើអ្វីបន្តិចសោះឡើយ ចំពោះចំណាត់ការក្តៅរបស់រដ្ឋាភិបាលពួកគេ ហើយបែរជានាំគ្នាទៅធ្វើទេសចរណ៍នៅប្រទេសរុស្ស៊ី កាន់តែច្រើនជាងរាល់ដងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
យោងតាមទិន្នន័យពីរដ្ឋាភិបាលរុស្ស៊ី រយៈពេល ៩ខៃដំបូង នៃឆ្នាំ២០១៧កន្លងទៅនេះ ភ្ញៀវទេសចរអាមេរិក មកលេងប្រទេសរុស្ស៊ី មានការកើនឡើងរហូតដល់ទៅ ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ ជុំវិញលទ្ធផលដ៏គួរឲ្យរីករាយនេះ លោក អូឡេក សាហ្វូណូវ (Oleg Safonov) ប្រធានទីភ្នាក់ងារសហព័ន្ធរុស្ស៊ី សម្រាប់វិស័យទេសចរណ៍បានអះអាងថា «ការឃោសនាប្រឆាំងនឹងរុស្ស៊ី បែរជាធ្វើឲ្យប្រជាជនអាមេរិក ចាប់អារម្មណ៍កាន់តែខ្លាំង មកលើប្រទេសរបស់យើងទៅវិញ»។
សម្រាប់មូលហេតុធំមួយ ដែលធ្វើឲ្យភ្ញៀវទេសចរអាមេរិក សម្រុកមកកាន់រុស្ស៊ីច្រើនជាងមុននោះ ត្រូវបានមន្ត្រីជាន់ខ្ពស់រុស្ស៊ីខាងលើអះអាងថា «ប្រជាជនអាមេរិក បានដឹងលឺព័ត៌មានប្លែកៗគ្នាជាច្រើន ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី ដូច្នេះគ្មានអ្វីត្រូវងឿងឆ្ងល់នោះឡើយ ដែលពួកគេត្រូវតែមកទីនេះដោយផ្ទាល់ ដើម្បីស្វែងយល់ការពិតដោយខ្លួនឯង»។
លោក សាហ្វូណូវ បានសង្កត់ធ្ងន់ជាចុងក្រោយថា «អ្នកទេសចរអាមេរិកទាំងអស់ មិនបានខកចិត្តនោះឡើយ បន្ទាប់ពីពួកគេបានឃើញអ្វីគ្រប់យ៉ាងនៅរុស្ស៊ី។ ពួកគេបានឃើញប្រទេសមួយប្រកបដោយ ភាពស៊ីវីល័យ និងការអភិវឌ្ឍន៍»៕