(ប៉េកាំង)៖ ស្ថានីយផ្គត់ផ្គង់ថាមពលដោយពន្លឺព្រះអាទិត្យ និងដោយកម្លាំងខ្យល់ កំពុងរីកស្គុះស្គាយនៅក្នុងខេត្ត គួយចូវ (Guizhou) ភាគនិរតីប្រទេសចិន ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានកំណត់ចក្ខុវិស័យថ្មី សម្រាប់ការអភិវឌ្ឍ នោះគឺការអភិវឌ្ឍពណ៌បៃតង ពោលគឺធ្វើយ៉ាងណាឲ្យមានពុំការបំពុលតិចតួចជាងមុន តាមដែលអាចធ្វើទៅបាន ចំពោះបរិស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
រូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ បានបង្ហាញឲ្យឃើញពីស្ថានីយផ្គត់ផ្គង់ថាមពល ដែលបានមកពីពន្លឺព្រះអាទិត្យ មានឈ្មោះថា ភីងជីង (Pingjing) និងស្ថានីយផ្គត់ផ្គង់ថាមពល ដែលបង្កើតឡើងពីកម្លាំងខ្យល់បក់ ហាហៃហ្ស៊ី (Dahaizi) នៅក្នុងស្រុក វៃនីង (Weining) នៃខេត្ត Guizhou។ រដ្ឋាភិបាលចិនបានគូសបញ្ជាក់ថា ការកសាងប្រព័ន្ធផ្គត់ផ្គង់ថាមពល ដែលមានការគិតគូរខ្ពស់ពីបរិស្ថាន គឺជាមានសារៈសំខាន់ជាទីបំផុត ដើម្បីផ្តល់និរន្តរភាពដល់ការអភិវឌ្ឍរបស់ប្រជាជាតិចិន។
គួរជម្រាបថា ជុំវិញការកំណត់គោលដៅនេះ កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ត្រូវបានធ្វើឡើងនៅក្នុងស្រុក Weining នៃខេត្ត Guizhou ក្នុងចំណោមទីតាំងដទៃៗទៀតរបស់ប្រទេសចិន ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មពណ៌បែតង រួមមានស្ថានីយផ្គត់ផ្គង់ថាមពលពីកម្លាំងខ្យល់ និងស្ថានីយផ្គត់ផ្គង់ថាមពលពីពន្លឺព្រះអាទិត្យ៕