(តូក្យូ)៖ ជប៉ុនកំពុងចរចាទិញ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 (F-35A និង F-35 B) ជាច្រើនគ្រឿងដើម្បីពង្រឹង វិស័យការពារដែនអាកាសរបស់ខ្លួន។ ប៉ុន្តែអ្នកជំនាញដូចជា លោក ហ្គារែន មូលឡយ (Garren Mulloy) យល់ថា ការទិញយន្ដហោះចម្បាំងទំាងនេះ នឹងធ្វើឱ្យជប៉ុនប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះរួមមានសារពើពន្ធ បច្ចេកវិទ្យា តាក់ទិច និងផ្នែកការទូតជាមួយប្រទេស ជិតខាង ជាពិសេសគឺចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Asia Times កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
ថ្លែងប្រាប់ Asia Times តាមរយៈសារអេឡិចត្រូនិច លោក Garren Mulloy សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Daito Bunka University ក្នុងទីក្រុង Saitama ប្រទេសជប៉ុនបានកត់សម្គាល់ថា ជប៉ុន និងប្រទេសដទៃគួរតែមាន ការប្រយ័ត្នខ្ពស់ ក្នុងការពិចារណាទិញយន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក ពីព្រោះថា វានឹងធ្វើឱ្យពួកគេជួបបញ្ហាប្រឈមជាច្រើនទាំងបច្ចេកទេស និងភូមិសាស្ត្រនយោបាយ។ «តើគេអាចទុកចិត្តបច្ចេកវិទ្យាអាមេរិក ដូចជាពីមុនដែរ ឬទេ?»។ នេះគឺជា ការចោទសួររបស់ លោក Mulloy។
លោក Mulloy បន្ថែមថា ជប៉ុនអាចនឹងជួបបញ្ហាប្រឈមជាច្រើនក្នុងនោះរួមមានទាំង សារពើពន្ធ បច្ចេកវិទ្យា តាក់ទិច និងផ្នែកការទូតជាមួយប្រទេសជិតខាងជាពិសេសគឺចិន បើសិនជាទីក្រុងតូក្យូទិញ F-35 ពីសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ជប៉ុនខ្លួនឯងនៅមានតែបញ្ហាមួយទៀត នោះគឺថាតើនាវាផ្ទុកឧទ្ធម្ភាគចក្រ Izumo អាចមានលទ្ធភាពឱ្យយន្ដហោះ F-35 ចំនួន ១០គ្រឿង ធ្វើប្រតិបត្តិការបានដែរ ឬទេ បើវាអាចត្រឹមតែបំពេញប្រតិបត្តិការ ត្រឹមយន្ដហោះចម្បាំង ក្នុងចំនួនតិចតួចតែប៉ុណ្ណោះនោះ?
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ បានព្រមព្រៀងទិញយន្ដហោះចម្បាំង F-35A ចំនួន ៤២គ្រឿង ហើយបច្ចុប្បន្ន ទីក្រុងតូក្យូកំពុងពិចារណាទិញយន្ដហោះប្រភេទនេះ ២០គ្រឿង បន្ថែមទៀតឱ្យគ្រប់ ៦២គ្រឿង។ មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះក៏មានសេចក្ដី រាយការណ៍ជាច្រើនថា ជប៉ុនកំពុងពិចារណាទិញយន្ដហោះ F-35B ផងដែរ។ សម្រាប់យន្ដហោះ F-35A មួយគ្រឿងមានតម្លៃជាង ១០០លានដុល្លារ៕