(ម៉ូស្គូ)៖ ការទទួលបានព័ត៌មានសំងាត់របស់កូនប្រសារប្រុស ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងជាទីប្រឹក្សាជាន់ខ្ពស់សេតវិមាន គឺលោក ហ្សារែដ ឃូស្នឺ (Jared Kushner) ជារឿងមួយគួរឱ្យព្រួយបារម្ភចំពោះសន្តិសុខជាតិ ហើយដែលនេះតម្រូវឱ្យ លោកគួរតែលាលែង ឬត្រូវបណ្ដេញចេញពីតំណែង។ នេះបើតាមក្រុមសមាជិកសភាអាមេរិកបក្សប្រជាធិបតេយ្យ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងសំបុត្រមួយផ្ញើជូនប្រធានការិយាល័យសេតវិមាន លោក John Kelly ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ បានលើកឡើងយ៉ាងដូច្នេះថា «យើងបានសរសេរសំបុត្រមួយ ដើម្បីក្រើនរំលឹកពីការព្រួយបារម្ភស្ដីពីសន្តិសុខជាតិ ពាក់ព័ន្ធនឹងការនៅតែបន្ត ទទួលបានព័ត៌មានសំងាត់របស់ទីប្រឹក្សាជាន់ខ្ពស់ លោក Jared Kushner ក៏ដូចជាវត្តមានរបស់លោក នៅក្នុងសេតវិមាន... ដូច្នេះលោក Kushner គួរតែត្រូវលាលែងពីតំណែងជាបន្ទាន់ ហើយបើសិនជាលោកមិនចង់លាលែងដោយខ្លួនឯង យើងជឿ ជាក់ថាវាគឺជាកតាព្វកិច្ចរបស់លោក (John Kelly) ក្នុងនាមជាប្រធានការិយាល័យសេតវិមាន ដើម្បីបណ្ដេញគាត់ចេញពីតំណែង»។
គួរបញ្ជាក់ថា នៅក្នុងសំបុត្រដដែល ក្រុមសមាជិកសភាទាំងនេះ ក៏បានកត់សម្គាល់ដែរពីទំនាក់ទំនងរបស់ លោក Kushner ជាមួយក្រុមមន្ត្រីបរទេស ខណៈលោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត របស់រដ្ឋអាជ្ញាពិសេសអាមេរិក ជុំវិញការចោទប្រកាន់ ថារុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕