(អាមេរិក)៖ រដ្ឋអាឡាស្កា (Alaska) នៅភាគពាយ័ព្យ​សហរដ្ឋអាមេរិក កំពុងជិតសម្រេច​បាន ការវិនិយោគទុន​ដ៏ច្រើនសន្ធឹកសន្ធាប់​​ ពី​​ប្រទេស​ចិនហើយ នៅក្នុងមហិច្ឆតា​កម្មវិធីថាមពល​របស់ខ្លួន បន្ទាប់ពីគម្រោង​ដ៏ធំមួយ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់​ធនធាន​ឧស្ម័នធម្មជាតិ​​កែច្នៃ LNG នៅ​ក្នុង​រដ្ឋ​នេះ ទើបតែទទួលបាន​​ភ្លើងខៀវពី​រដ្ឋាភិបាល។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ខែ​មីនា ឆ្នាំ២០១៨។

គណៈកម្មការនិយតកម្ម​ថាមពលសហព័ន្ធ​អាមេរិក បានកំណត់យក​ខែធ្នូ ឆ្នាំ២០១៩ ជាពេលដែល​គម្រោងឧស្ម័ន LNG អាឡាស្កា ទទួល​បាន​លទ្ធផល​នៃការត្រួតពិនិត្យ​ទៅលើផលប៉ះពាល់​នៃគម្រោងនេះ​ ទៅលើបរិស្ថាន ដែលស្ថានការណ៍​វិវត្តន៍នេះ ត្រូវបានអភិបាល​រដ្ឋអាឡាស្កា លោក បៀល វ៉កខឺ (Bill Walker) លើកឡើងថា​ជាការរួចផុតឧបសគ្គដ៏ធំមួយ សម្រាប់ការបណ្តាក់ទុកវិនិយោគ នៅក្នុងគម្រោងនេះ។ បើសិនជាអ្វីៗ​ប្រព្រឹត្ត​​ទៅយ៉ាងប្រសើរ គម្រោងនេះ​ត្រូវគេរំពឹងថា នឹងទទួលបាន​ការអនុញ្ញាត​ឲ្យចាប់ផ្តើមការសាងសង់​នៅខែមីនា ឆ្នាំ២០២០ ហើយអាចធ្វើ​​ប្រតិ​បត្តិការ​បាននៅ​ឆ្នាំ២០២៥។

គម្រោង LNG នៅក្នុងរដ្ឋអាឡាស្កា​នេះ នឹងតភ្ជាប់ឃ្លាំងស្តុកឧស្ម័ន​ធម្មជាតិមួយកន្លែង នៅឯតំបន់ Prudhoe Bay ភាគខាងជើង​​អាឡាស្កា តាមរយៈបំពង់​ឧស្ម័នប្រវែងប្រហែល ១,២៨០គីឡូម៉ែត្រ ជាមួយរោងចក្រកែ​ច្នៃឧស្ម័ន ទៅជាសារធាតុរាវមួយ​កន្លែងទៀត នៅភាគ​ខាងត្បូង​​។ ប្រសិនបើវាអាច​បញ្ចប់រួចរាល់ គម្រោងនេះ​នឹងមានសមត្ថភាព​ផ្គត់ផ្គង់ឧស្ម័នធម្មជាតិ​ប្រមាណ ៣.៩ពាន់លាន​ម៉ែត្រគូប​ក្នុងមួយថ្ងៃ។

គួរជម្រាបថា អាឡាស្កា កំពុងមានភាពសកម្មជាខ្លាំង ក្នុងការស្វែងរកមូល​និធិពីបរទេស ជាពិសេសនោះ​គឺការវិនិយោគពីប្រទេសចិន តែ​ម្តង​សម្រាប់កម្មវិធីផ្គត់ផ្គង់​ថាមពលរបស់ខ្លួន។ កាលពីខែវិច្ឆិកា​ឆ្នាំទៅ អាជ្ញាធរអាឡាស្កា បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​​មួយ​ ជាមួយ​ក្រុម​ហ៊ុន​ថាមពល​ចិន Sinopec ជុំវិញការទិញ​យកធនធាន LNG ពីរដ្ឋ​អាឡាស្កា។

ម៉្យាងវិញទៀត កាលពី​សប្តាហ៍មុន លោក Walker បានប្រកាសថា រូបលោកនឹងដឹកនាំ​ប្រតិភូមួយក្រុម ​ដែលរួមមាននូវអ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំរដ្ឋ ទៅកាន់ប្រទេសចិន នា​ខែឧសភាខាងមុខ ដើម្បីរឹងចំណង​ពាណិជ្ជកម្មរបស់​រដ្ឋអាឡាស្កា ជាមួយនិង​មហាអំណាច​​សេដ្ឋកិច្ច​លេខពីរ​ នៅលើពិភពលោក​មួយនេះ៕