(ឡុងដ៍)៖ សៀវភៅជាច្រើន ជាពិសេសគឺសៀវភៅមានចំណងជើងថា «A Brief History of Time» របស់រូបវិទូជនជាតិអង់គ្លេសដ៏ល្បីល្បាញ គឺលោក ស្ទីវិន ហាកឃីង (Stephen Hawking) ត្រូវបានគេដាក់តាំងបង្ហាញ នៅក្នុងបណ្ណាគារមួយកន្លែង ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១៤ ខែមីនាម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
ការផ្សព្វផ្សាយតាមរយៈការដាក់តាំងបង្ហាញ សៀវភៅស្នាដៃនិពន្ធរបស់លោក Hawking នោះគឺជាការទាក់ទាញមហាជន មិនថាតែនៅក្នុងចក្រភពអង់គ្លេស ដែលជាទឹកដីកំណើតរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែប្រជាជននៅទូទាំងពិភពលោក ក៏អាចរក្សាទុកនូវការសិក្សារកឃើញដ៏មានតម្លៃ ដែលត្រូវបានទទួលស្គាល់ជាសកលនេះផងដែរ។ ស្នាដៃនានារបស់លោក ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់នេះ និងជំនាន់ក្រោយ បន្តស្វែងរកនូវអាថ៌កំបាំងនៃចក្រវាឡដ៏ធំធេង និងបន្តអរិយធម៌របស់មនុស្សលោក ដែលអាចនិយាយបានថា គ្មាននៅកន្លែងណាផ្សេងក្រៅពីភពផែនដីឡើយ។
លោក ហាកឃីង បានទទួលមរណភាពកាលពីថ្ងៃពុធ ក្នុងវ័យ ៧៦ឆ្នាំ ដោយសារជំងឺដ៏កម្រមួយហៅថា Amyotrophic Lateral Sclerosis (ALS) ដែលបានធ្វើឲ្យសាច់ដុំរបស់លោកដំណើរការលែងបានបន្តិចម្តងៗ។ លោកបានទទួលមរណភាព យ៉ាងស្ងប់ស្ងាត់នៅក្នុងផ្ទះរបស់លោក នៅក្នុងទីក្រុង Cambridge។ នេះបើតាមអ្នកនាំពាក្យគ្រួសាររូបវិទូរូបនេះ។
លោក Hawking ដែលមានឈ្មោះ ពេញថា Stephen William Hawking បានកើតនៅទីក្រុងអុកស្វត (Oxford) ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤២ ហើយឪពុករបស់លោក ដែលជាអ្នកស្រាជ្រាវផ្នែកជីវវិទ្យាម្នាក់នោះ បានផ្លាស់ប្តូរទីលំនៅជាមួយម្តាយរបស់លោក ចេញពីទីក្រុងឡុងដ៍ ដើម្បីគេចខ្លួនពីការទម្លាក់គ្រាប់របស់ពួកណាហ្ស៊ី (Nazi) អាល្លឺម៉ង់។
លោកគឺជាបុគ្គលម្នាក់ មានការតស៊ូពុះពារយ៉ាងខ្លាំងក្លា ដោយបានបញ្ចប់សៀវភៅមួយក្បាលមានចំណងជើងថា «A Brief History of Time» ដែលលក់ដាច់បានជាង ១០លានក្បាល ទោះបីជាវាត្រូវគេដាក់រហស្សនាមថា ជា «សៀវភៅដ៏ល្បីបំផុតលើកលោក ដែលពុំមាននរណាអាន» ក៏ដោយ។ ក្នុងការចូលរួមចំណែករបស់លោក ទៅក្នុងចំណេះដឹងផ្នែកវិទ្យាសាស្រ្ត លោក Hawking បានរកឃើញបាតុភូតមួយ ដែលត្រូវគេស្គាល់ថា «Hawking Radiation» ក្នុងទ្រឹស្រ្តីនេះគឺប្រហោងខ្មៅ (Black Hole) ជាទូទៅបញ្ចេញថាមពលរបស់វាបន្តិចម្តងៗ ហើយក៏រលាយបាត់បង់ទៅ។
លោក Hawking មានឈ្មោះល្បីល្បាញ និងគោរពយ៉ាងខ្លាំង ដោយសារសមត្ថភាពដ៏អស្ចារ្យរបស់លោក ក្នុងការបង្កើតដំណោះស្រាយបែបវិទ្យាសាស្រ្ត ដោយពុំចាំបាច់ធ្វើការគណនា ឬការពិសោធន៍អ្វីឡើយ។ ចំណែកឯ ស្នាដៃចុងក្រោយបំផុត ឬជាដំបូន្មានចុងក្រោយ ដែលត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោកនោះ គឺលោក Hawking បានប្រាប់ដល់ក្រុមអ្នកវិទ្យាសាស្ត្រ និងមនុស្សលើភពផែនដី ឲ្យឈប់បន្តសកម្មភាពស្វែងរកជីវិតអេលៀន ឬមនុស្សភពផ្សេងនោះទៀតទៅព្រោះវា នឹងបង្កការគំរាមកំហែងដល់ភពផែនដី ប្រសិនបើអេលៀនទាំងនោះ មកកាន់តែផែនដីដោយចេតនាចង់ទន្ទ្រានគ្រប់គ្រង។
ជុំវិញការទទួលមរណៈភាពនេះ កូនៗរបស់លោក Hawking គឺអ្នកនាង Lucy, លោក Robert និង លោក Tim បានអះអាង ថា ពួកគេពិតជាមានអារម្មណ៍ក្តុកក្តួលបំផុត ចំពោះការលាចាកលោក នៃឪពុកជាទីស្រឡាញ់បំផុតរបស់ពួកគេ ហើយបណ្ដា មេដឹកនាំដូចជានាយករដ្ឋមន្ត្រីក៏បានចូលរួមសម្ដែងក្ដីមរណទុក្ខយ៉ាងក្រៀមក្រំផង ចំពោះការបាត់បង់អ្នកវិទ្យាអស្ចារ្យរូបនេះ។ តែទោះបីជាបែបនេះក្តី ស្នាដៃ និងលទ្ធផលនៃការស្រាវជ្រាវរបស់លោក នឹងបន្តក្លាយជាវត្ថុមានតម្លៃ សម្រាប់អ្នកវិទ្យាសាស្ត្រ និងមនុស្សលើផែនដី ធ្វើការស្វែងយល់ ហើយសិក្សាបន្តទៅមុខទៀត៕