(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្ហាញក្តីជឿជាក់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយការបំពុលសម្លាប់ អតីតមន្ត្រីទីភ្នាក់ងារចារកម្មរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេស ហើយដែលនេះប្រៀបបានទៅនឹងការដុតបញ្ឆេះកំហឹង របស់បណ្ដាប្រទេសលោកខាង លិចប្រឆាំងនឹងទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអង់គ្លេស អតីតទីភ្នាក់ងារចារកិច្ចរុស្ស៊ី លោក ស៊ឺហ្គៃ ស្គ្រីហ្គៃ (Sergei Skripal) និងកូនស្រីរបស់លោក ឈ្មោះ យូលៀ (Yulia) ត្រូវបានគេបំពុលសម្លាប់ នៅក្នុងទីក្រុង សាលីប៊ឺរី (Salisbury) នៃទឹកដីអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ហើយបច្ចុប្បន្នអ្នកទាំង ពីរកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ទីក្រុងឡុងដ៍ បានចោទប្រកាន់រុស្ស៊ីថា គឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ ខណៈលេចលឺព័ត៌មានជាច្រើនថា លោក Skripal បានលក់ព័ត៌មានសំងាត់ជាច្រើនឱ្យអង់គ្លេស ទាក់ទិននឹងចំនួនចារកម្មរុស្ស៊ីនៅអឺរ៉ុប។
ជុំវិញភាពចម្រូងចម្រាស់នេះដែរ លោកស្រី ហ៊ឺធើ ណឺត (Heather Nauert) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃពុធ យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក យល់ឃើញដូចចក្រភពអង់គ្លេសថា រុស្ស៊ីជាអ្នកទទួលខុសត្រូវលើការបំពុលសម្លាប់ពលរដ្ឋ អង់គ្លេស និងកូនស្រីរបស់គាត់... ហើយសេតវិមានក៏គាំទ្រផងដែរ ចំពោះការសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី ចេញពីអង់គ្លេស ដ្បិតវាគឺជាវិធានការមួយឆ្លើយតបទៅនឹងទីក្រុងម៉ូស្គូ»។
តែទោះជាយ៉ាងនេះក្ដី រុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ទំាងឡាយ ហើយថា «ការចោទប្រកាន់ទាំងឡាយ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន... ដូច្នេះយើងស្នើសុំភស្ដុតាងជាក់លាក់ ចំពោះការចោទប្រកាន់ប្រឆាំងនឹងរុស្ស៊ី ហើយយើងក៏មិនស្ទាក់ស្ទើរដែរ ក្នុងការចាត់វិធានការឆ្លើយតប»។ នេះជាការលើកឡើង របស់អគ្គរដ្ឋទូតរុស្ស៊ីប្រចំាអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេប៊ិនស៊ីយ៉ា (Vasily Nebenzya)៕