សហរដ្ឋអាមេរិក៖ យន្តហោះចម្បាំង F-18 ធ្លាក់ចូលក្នុងបឹង បណ្តាលឲ្យពីឡុត ០២នាក់ស្លាប់ ដោយសាររងរបួសធ្ងន់ធ្ងរ!
15-03-2018 10:05
(វ៉ាស៊ីនតោន)៖ យន្តហោះចម្បាំងធុន F-18 មួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់ទៅក្នុងផ្ទៃទឹកបឹងមួយកន្លែង ក្បែរមូលដ្ឋានយោធានៃទីក្រុង ឃី វែសត៍ (Key West) រដ្ឋផ្លូវរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដែលជាលទ្ធផលអាកាសយានិកទាំងពីរនាក់នៅលើយន្តហោះ បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ស្ថានីយទូរទស្សន៍ CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីកងទ័ពជើងទឹកអាមេរិក នៅពេលកើតហេតុអាកាសយានិកទាំងពីរនាក់ បានចុះបាញ់កៅអីរបស់ពួកគេចេញពីក្នុងយន្តហោះ ហើយក្រោយមកត្រូវបានជួយសង្រ្គោះចេញពីក្នុងទឹក ដោយឧទ្ធម្ភាគចក្រ និងត្រូវបានបញ្ជូនបន្តតាមរថយន្តសង្រ្គោះបន្ទាន់ ទៅកាន់មន្ទីរព្យាបាល Lower Keys ប៉ុន្តែជាអកុសល្យជីវិតរបស់ពួកគេ ពុំអាចត្រូវបានស្រោចស្រង់ទាន់ពេលនោះឡើយ។
គួរជម្រាបថា យន្តហោះចម្បាំងខាងលើ ដែលបានស្ថិតក្នុងការហោះហើរហ្វឹកហ្វឺន រួចក៏បានធ្លាក់ ខណៈវាកំពុងសំដៅឆ្ពោះទៅកាន់មូលដ្ឋានយោធា Key West ហើយមូលហេតុនៅពីក្រោយការធ្លាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕