(វ៉ាស៊ីនតោន)៖ ការខ្វែងគំនិតគ្នាថា តើត្រូវធ្វើដោះស្រាយយ៉ាងដូចម្ដេច ចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង គឺជាមូលហេតុ ដ៏សំខាន់មួយជំរុញឱ្យលោក ដូណាល់ ត្រាំ បណ្ដេញលោក រិច ធីល្លឺសុន ចេញពីតំណែងជារដ្ឋមន្ត្រីការបរទេស។ នេះបើតាម ប្រភពស្និទ្ធនឹងលោក ធីល្លឺសុន ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
លោក ត្រាំ និងលោក ធីល្លឺសុន ធ្លាប់បង្ហាញពីការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ដោយម្ខាងប្រធានាធិបតីអាមេរិករូបនេះ ចង់បន្តការបង្កើនការដាក់ទណ្ឌកម្មប្រឆាំង នឹងទីក្រុងព្យុងយ៉ាង រីឯអតីតរដ្ឋមន្ត្រីការបរទេសរបស់ លោកបែរជាចង់បន្ធូរបន្ថយទណ្ឌកម្ម ដើម្បីឱ្យកូរ៉េខាងជើងទន់ចិត្ត ងាកមករកតុចរចាទៅវិញ។
បន្ថែមពីលើនេះ បើតាមប្រភពស្និទ្ធនឹងលោក ធីល្លឺសុន លោក ត្រាំ មានការព្រួយបារម្ភខ្លាចក្រែងថា លោក ធីល្លឺសុន ផ្ដល់សម្បទានមួយឱ្យកូរ៉េខាងជើង ដែល នេះធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយដាក់ទណ្ឌកម្មជាអតិបរមា ប្រឆាំងកូរ៉េខាងជើងរបស់រដ្ឋបាលសហរដ្ឋអាមេរិក។
មិនតែប៉ុណ្ណោះ ប្រភពដដែលក៏បាននិយាយដែរថា លោក ត្រាំ បានប្រាប់ប្រធានការិយាល័យសេតវិមាន លោក ចន ឃែលលី (John Kelly) ថា លោក ធីល្លឺសុន ចំបាច់ត្រូវតែលាលែងពីតំណែង។ ប៉ុន្តែទន្ទឹមគ្នា លោក Kelly បានព្យាយាមការពារលោក ធីល្លឺសុន ណាស់ដែរ តែលោក ត្រាំ មិនព្រមស្ដាប់ឡើយ។
គួររំលឹកថា កាលពីថ្ងៃអង្គារកន្លងទៅ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញលោក ធីល្លឺសុន ចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក ដោយដាក់ឱ្យនាយកស្ថាប័នចារកម្មអាមេរិក CIA លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ជំនួសដំណែងនេះវិញ។ មួយវិញទៀត ការសម្រេចចិត្តនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់លោក ធីល្លឺសុន ត្រឡប់មកដល់ទីក្រុងវ៉ាស៊ីនតោនវិញ ក្រោយបញ្ចប់ ទស្សនកិច្ចនៅអាហ្រ្វិក។
យ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការបណ្ដេញ លោក ធីល្លឺសុន ក៏ធ្លាប់បានផ្ទុះឡើងជាច្រើនរួចមកហើយដែរ ក្រោយអ្នកទាំងពីរផ្ទុះសង្រ្គាមពាក្យសម្ដីនឹងគ្នា ដោយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកបានហៅ លោក ត្រាំ ថាជាមនុស្សល្ងីល្ងឺ ធ្វើឱ្យលោក ត្រាំ ខឹងរហូតដល់បបួលគ្នា សាកល្បងប្រាជ្ញាទៀតផង៕