(ប៊ែរឡាំង)៖ លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) ទីបំផុតត្រូវបានសភាបោះឆ្នោតជ្រើសរើសជាផ្លូវការ ឲ្យបន្តធ្វើជាអធិការបតីអាល្លឺម៉ង់ជាថ្មីម្តងទៀត ដោយនេះគឺជាអាណត្តិទីបួនហើយរបស់លោកស្រី ក្នុងការដឹកនាំមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុត ប្រចាំនៅទ្វីបអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់ប្រធានវិមាន ប៊ុនឌែស្ទេច (Bundestag) ដែលជាសភាសហព័ន្ធនៃប្រទេសអាល្លឺម៉ង់ មេដឹកនាំនយោបាយជាស្រ្តីដែលពោរពេញដោយបទពិសោធន៍វ័យ ៦៣ឆ្នាំ រូបនេះទទួលបានសំឡេងគាំទ្រចំនួន ៣៦៤អាសនៈ ក្នុងចំណោមអាសនៈសរុបទាំង ៧០៩ នៅឯវិមាន Bundestag។
បន្ទាប់ពីបានធ្វើការសច្ចាប្រណិធាននៅក្នុងសភាសហព័ន្ធខាងលើ លោកស្រី Merkel បានចូលជួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រេងក៍ វ៉លតឺ ស្ទេនមៃយឺ (Frank-Walter Steinmeier) នៅឯវិមានប្រធានាធិបតី បេឡេវួ (Bellevue) ក្នុងទីក្រុងប៊ែរឡាំង ជាទីដែលលោកស្រី ព្រមទាំងរដ្ឋមន្រ្តីចំនួន ១៥រូប របស់លោកស្រីបានស្បថចូលកាន់តំណែង។
គួរជម្រាបថា ការបោះឆ្នោតខាងលើ ត្រូវបានធ្វើឡើងនៅ ១៧១ថ្ងៃ ក្រោយពីការបោះឆ្នោតសហព័ន្ធ ដែលវាគឺជារយៈពេលដ៏អូសបន្លាយយូរជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសនេះ៕