(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធេរ៉េសា ម៉ាយ (Theresa May) បាននិយាយថា មិនមានរដ្ឋមន្ត្រី ឬក៏ញាតិវង្សអង់គ្លេសណាម្នាក់ នឹងត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍ បើសម្ពោធកីឡាបាល់ទាត់ពិភពលោក World Cup នៅក្នុងប្រទេសរុស្ស៊ីនារដូវក្ដៅនេះទេ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sky News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខ សមាជិកសភាអង់គ្លេសនៅថ្ងៃពុធ នេះ លោកស្រីនាយករដ្ឋមន្ត្រីក៏បានប្រកាសផងដែរថា អង់គ្លេសនឹងបណ្ដេញ មន្ត្រីទូតរុស្ស៊ី ២៣នាក់ ចេញពីប្រទេស បន្ទាប់ពីទីក្រុងម៉ូស្គូបានបដិសេធ បកស្រាយជុំវិញការចោទប្រកាន់ថា ទីក្រុងម៉ូស្គូ ជាអ្នក នៅពីក្រោយការបំពុលសម្លាប់ អតីតទីភ្នាក់ងារចារកម្មម្នាក់របស់ខ្លួន។ លោកស្រី Theresa May បានដាក់ឱសានវាទឱ្យទីក្រុងម៉ូស្គូ ធ្វើការបកស្រាយត្រឹមពាក់កណ្ដាលយប់ថ្ងៃអង្គារសប្តាហ៍នេះ អំពីសារធាតុពុលផលិតដោយរុស្ស៊ី ដែលត្រូវបានប្រើប្រាស់ ដើម្បីបំពុលសម្លាប់អតីតចារកម្មរុស្ស៊ី លោក ស៊ីហ្គៃ ស្គ្រីផាល់ (Sergei Skripal) និងកូនស្រីរបស់លោកឈ្មោះ យូលៀ (Yulia) នៅក្នុងទីក្រុង សាលីសប៊ឺរី (Salisbury) នៃទឹកដីអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ។
យ៉ាងណាក៏ដោយ រុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ ខណៈមកទល់ពេលនេះ លោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា បើតាមប្រភពពីមន្ត្រី UN អង់គ្លេស បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំជាបន្ទាន់ មួយក្នុង ថ្ងៃពុធនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ក្នុងគោលបំណងប្រាប់ពីករណី រុស្ស៊ីលួចបំពុលសម្លាប់អតីតចារកម្ម របស់ខ្លួននៅលើទឹកដីអង់គ្លេស។ លោក Sergei Skripal ធ្លាប់ជាអតីតចារកម្មរុស្ស៊ីម្នាក់ ប៉ុន្តែក្រោយមកលោកបានមករស់ នៅអង់គ្លេស ព្រមទំាងបានលក់ព័ត៌មានសំងាត់ជាច្រើនឱ្យទីក្រុងឡុងដ៍ ទាក់ទិននឹងចំនួនមន្ត្រីចារកម្មរុស្ស៊ីនៅអឺរ៉ុប៕