(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានអះអាងថា កងទ័ពដ៏អង់អាចរបស់តួកគី នឹងវាយក្រសោបយកទីក្រុង Afrin របស់ប្រទេសស៊ីរីឲ្យបានទាំងស្រុងតែម្តង នៅយប់ថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងអង់ការ៉ា)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីសំខាន់ ដែលស្ថិតក្រោមរដ្ឋបាល លោក អឺដូហ្កាន់ នៅក្នុងទីក្រុងអង់ការ៉ា។ លោក អឺដូហ្កាន់ បានអះអាងថា ទីក្រុងមួយនេះនឹងត្រូវរំដោះពីពួកភេរវករ ហើយប្រជាជនស៊ីវិលនៅក្នុងនោះ ក៏ត្រូវបានជម្លៀសចេញផងដែរ ខណៈប្រតិបត្តិការក្តៅកំពុងប្រព្រឹត្តទៅ។
គួរបញ្ជាក់តាមរដ្ឋាភិបាលតួកគីថា គិតចាប់តាំងពីការបើកប្រតិបត្តិការជាងមួយខែមកនេះ តួកគីបានទន្ទ្រានគ្រប់គ្រងផ្ទៃដី ១,៣០០គីឡូម៉ែត្រក្រឡា នៃទីក្រុង Afrin របស់ស៊ីរី ជាប់ព្រំដែនរបស់ខ្លួននេះ ខណៈពួកឧទ្ទាម ដែលតួកគីបានអះអាងថា ជាក្រុមភេរវករសរុបជាង ៣,០០០នាក់ ត្រូវបានសម្លាប់៕