(ដាកា)៖ រដ្ឋាភិបាលបង់ក្លាដែស បានសម្រេចប្រកាសធ្វើការកាន់ទុក្ខ រយៈពេល ០១ថ្ងៃ ទូទាំងប្រទេស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ សម្រាប់ការបាត់បង់ជីវិតនៃជនរងគ្រោះ ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿង របស់អាកាសចរណ៍បង់ក្លាដែស US-Bangla នៅឯព្រលានយន្តហោះនៃទីក្រុង Kathmandu ប្រទេសនេប៉ាល់ កាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងនៅអំឡុងកិច្ចប្រជុំបន្ទាន់មួយរបស់គណៈរដ្ឋមន្រ្តីបង់ក្លាដែស ដែលមាននាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ជាប្រធាន នាថ្ងៃពុធនេះ។ ក្នុងផ្នែកនៃការចាប់ផ្តើមថ្ងៃកាន់មរណទុក្ខដ៏សោកសៅនេះ ពិធីឧទ្ទិសកុសល្យផលបុណ្យ នឹងត្រូវធ្វើឡើងនៅតាមរាល់ស្ថាប័នក៏ដូចជាទីតាំងប្រតិបត្តិសាសនានានា រួមមានព្រះវិហារអ៊ីស្លាម ប្រាសាទ ព្រះវិហារគ្រឹស្ត និងវត្តអារ៉ាម នៅទូទាំងប្រទេស។
គួរជម្រាបថា មនុស្សសរុបយ៉ាងតិច ៥១នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ US-Bangla មានផ្ទុកមនុស្ស ៧១នាក់ នៅលើនោះបានធ្លាក់នៅពេលចុះចត ហើយផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងរដ្ឋធានី Kathmandu របស់នេប៉ាល់កាលពីដើមសប្តាហ៍នេះ៕