(បរទេស)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន វេទិកាសន្តិភាព និងយុត្តិធម៌ (PPJ) បានចេញផ្សាយរបាយការណ៍មួយ ដែលមានឈ្មោះថា «ការលុបចោលលិខិតឆ្លងដែនតួកគី និងការរារាំងសេរីភាពក្នុងការធ្វើដំណើរ» ដែលបានបង្ហាញថា ការលុបចោលលិខិតឆ្លងដែនមនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសតួកគី ក្នុងអំឡុងពេលដែលមានភាពអាសន្នកើតឡើង គឺប្រឆាំងនឹងច្បាប់ក្នុងស្រុក និងអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សផងដែរ។ នេះបើតាមការដកស្រង់ពី Turkish Minutes នាថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី លោក Süleyman Soylu បាននិយាយកាលពីខែធ្នូថា លិខិតឆ្លងដែនចំនួន ២៣៤,៤១៩ ត្រូវបានដកហូតវិញ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើចលនា Gülen ដែលត្រូវបានគេចោទប្រកាន់ដោយរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយខ្នង នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ នៅឆ្នាំ២០១៦។
យោងតាមរបាយការណ៍របស់ PPJ «ទោះបីជាវាត្រូវបានគេគិតទុកជាមុនតាមមាត្រា ២៣ នៃរដ្ឋធម្មនុញ្ញ ដែលសេរីភាពក្នុងការធ្វើដំណើរ អាចត្រូវបានដាក់កម្រិតដោយការសម្រេចតាមផ្លូវតុលាការ ការស៊ើបអង្កេតបទឧក្រិដ្ឋ ឬការកាត់ទោស បុន្តែវាត្រូវបានកែប្រែជាជាមួយនឹងការសម្រេចរបស់តុលាការ ដែលថា ការហាមឃាត់ នៃសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរគឺនៅជាមួយនឹងការសម្រេចចិត្ត របស់ក្រសួងមហាផ្ទៃ យោងតាមមាត្រា ២២ នៃច្បាប់ស្តីពីលិខិតឆ្លងដែន ដែលវាផ្ទុយនឹងច្បាប់ និងមិនស្របតាមរដ្ឋធម្មនុញ្ញ។
ដោយសារតែមានបញ្ហាច្បាប់បែបនេះហើយ ធ្វើអោយលិខិតឆ្លងដែនរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានលុបចោលដោយបទបញ្ញតិនៃក្រឹត្យលេខ ៦៦៧ និងលេខ ៧៧៣ ហើយផ្នែកមួយដ៏ល្អនៃបទបញ្ញតិ គឺមិនអនុញ្ញាត្តិអោយមានសេរីភាពក្នុងការធ្វើដំណើរ។
គួរបញ្ចាក់ផងដែរថា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារមួយ នៅខែកក្កដាឆ្នាំ២០១៦ រដ្ឋាភិបាលតួកគី បានប្រកាសដាក់រដ្ឋនៅក្នុងស្ថានភាពអាសន្ន ដែលបានបង្កើតឡើងដោយចេតនា ដើម្បីថ្កោលទោសពួកអ្នកប្រឆាំង ចំពោះការស្លាប់ស៊ីវិលដោយបានបណ្តេញចេញពីការងាររបស់ពួកគេ និងការចាប់ខ្លួនពួកគេ៕