(វ៉ាស៊ីនតោន)៖ ចៅក្រមសហព័ន្ធម្នាក់របស់សហរដ្ឋអាមេរិក បានបង្ហើបឲ្យដឹងថា អតីតប្រធានចាត់ការយុទ្ធនាការឃោនាបោះឆ្នោត របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺលោក ផូល មេណាហ្វត (Paul Manafort) មានលទ្ធភាពខ្ពស់ក្នុងការប្រឈមមុខ ជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
សាលដីការមួយដែលចេញដោយ តុលាការសង្កាត់ភាគខាងកើតនៃរដ្ឋ វើជីនៀ (Virginia) បានលើកឡើងថា ដោយយោងទៅតាមការចោទប្រកាន់នានា ប្រឆាំងទៅលើជនត្រូវចោទ លោក Manafort មានលទ្ធិភាពខ្ពស់ខ្លាំងណាស់ថា រូបលោកនឹងត្រូវចំណាយពេលអស់មួយជីវិតរបស់លោកនៅក្នុងពន្ធនាគារ។ អតីតមន្ត្រីជាន់ខ្ពស់ នៅក្នុងយុទ្ធនាការបោះឆ្នោតលោក ដូណាល់ ត្រាំ និងគូកន ត្រូវបានចោទប្រកាន់ជាច្រើនករណី ក្នុងនោះមានទាំងការក្លែងបន្លំគណនីធនាគារ និងគេចពន្ធ។
គួរជម្រាបថា បើតាមសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក លោក Manafort អាចនឹងត្រូវកាត់ទោស ដាក់ពន្ធនាគាររយៈពេល ៣០៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា មានកំហុសដូចបទចោទប្រកាន់ទាំងអស់មែននោះ។ លោក Manafort នឹងត្រូវឃុំឃាំងនៅឲ្យនៅគេហឋានរបស់លោក ដែលស្ថិតក្នុងទីក្រុង Alexandria នៃរដ្ឋ Virginia រហូតដល់ថ្ងៃឡើងតុលាការ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកក្កដា នៅ Virginia និងថ្ងៃទី១៧ ខែកញ្ញា នៅវ៉ាស៊ីនតោន៕