BREAKING NEWS: ទីបំផុតបុរសខ្លាំងហ្វីលីពីន «ប្រកាសដកប្រទេស ចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC»
14-03-2018 15:04
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃពុធនេះ បានប្រកាសថា លោកបានសម្រេចចិត្តលុបចោលការ ផ្ដល់សច្ចាប័នរបស់ហ្វីលីពីនលើលក្ខន្តិកៈទីក្រុងរ៉ូម ស្ដីពីការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ សម្រេចចិត្តនេះមាន ន័យស្មើដកសមាជិកភាពរបស់ហ្វីលពីន ចេញពីស្ថាប័នកំពូលអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប្រធានាធិបតីហ្វីលីពីនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានាធិបតីហ្វីលីពីន ខ្ញុំសូមប្រកាស និងជូនដំណឹងជាមុនថា ហ្វីលីពីនបានសម្រេចចិត្តថា នឹងលុបចោល ការផ្ដល់សច្ចាប័នរបស់ហ្វីលីពីន លើលក្ខន្តិកៈទីក្រុងរ៉ូម ស្ដីពីការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)»។ តែយ៉ាងណាក៏ដោយ ដើម្បីដកខ្លួនចេញពី ICC ទីក្រុងម៉ានីលត្រូវប្រើពេលយ៉ាងតិចមួយឆ្នាំ ផ្អែកលើលក្ខន្តិកៈទីក្រុងរ៉ូម។
គួរបញ្ជាក់ថា លោក ឌូតឺតេ ធ្លាប់បានចោទប្រកាន់ ICC ថាត្រូវបានគេប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងហ្វីលីពីន បន្ទាប់ក្រុម រដ្ឋអាជ្ញានៃស្ថាប័នមួយនេះ បានបើកការស៊ើបអង្កេតបឋមប្រឆាំងនឹងរូបលោក ពាក់ព័ន្ធនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលា ការនៅក្នុងសង្រ្គាមបោសសំអាតគ្រឿងញៀន នៃរដ្ឋាភិបាលរបស់លោក៕