(បរទេស)៖ ក្រុមអង្កេតសកម្មភាពព្យុះព្រះអាទិត្យបានឲ្យដឹងថា កម្សួលនៃចំហាយដែលបំភាយចេញពីស្រទាប់លើនៃព្រះអាទិត្យ ដែលគេហៅថា Solar Storm (ព្យុះព្រះអាទិត្យ) នឹងមានឥទ្ធិពលមកលើភពផែនដី នៅយប់ថ្ងៃពុធនេះ (ពេលវេលាម៉ោងនៅអាមេរិក ឬត្រូវនឹងថ្ងៃព្រហស្បតិ៍ពេលវេលានៅអាស៊ីខាងកើត) ដែលវាអាចបង្កទៅជាបន្សាយពន្លឺអូរ៉ូរ៉ា (Aurora) នៅប៉ូលខាងជើង និងប៉ូលខាងត្បូង ដែលស្រស់ស្អាតមែនទែនតែម្តង។ នេះបើតាមការចេញផ្សាយដោយ Space.com នារសៀលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
នៅភាគខាងជើងផែនដីសម្រាប់តំបន់ ដែលអាចមើលឃើញទិដ្ឋភាពនេះច្បាស់ នោះគឺបណ្តាប្រទេស និងដែនដី កោះជាប់នឹងមហាសមុទ្រទឹកកកអាក់ទិច ដូចជា ភាគខាងជើងប្រទេសកាណាដា រុស្ស៊ី អ៊ីស្លង់ កោះហ្គ្រីនឡេន រដ្ឋអាឡាស្កា ណ័រវេយ៍ និងប្រទេសមួយចំនួនទៀត។
ប៉ុន្តែនាយប់ថ្ងៃពុធនេះ រដ្ឋមួយចំនួននៅភាគជើងអាមេរិក ក៏អាចទស្សនាបានផងដែរ ខណៈនៅភាគខាងត្បូង មានតែនៅទ្វីបអង់តាកទិចប៉ុណ្ណោះដែលអាចមើលឃើញ។ ព្យុះកម្រិតមធ្យមរបស់ព្រះអាទិត្យ នឹងមិនបង្កជាការគំរាមកំហែងដល់ ប្រព័ន្ធទូរគមនាគមន៍នៅលើភពផែនដីនោះឡើយ ប៉ុន្តែពន្លឺអូរ៉ូរ៉ា អាចនឹងកើតមាននៅប៉ូលិសជើង ច្រើនជាងប៉ូលខាងត្បូងនៃភពផែនដីយើងនេះ។
Solar Storm មានប្រភពមកពីតំបន់ ដែលអ្នកវិទ្យាសាស្រ្តហៅថា Coronal Hole ជាតំបន់នៅលើស្រទាប់ព្រះអាទិត្យ ដែលអនុញ្ញាតឲ្យភាគល្អិតមានល្បឿនលឿនផ្សេងៗ រសាត់ចេញទៅក្នុងលំហអវកាស ក្នុងទម្រង់ជា Solar Wind ហើយភាគល្អិតទាំងនោះ ដែលមានផ្ទុកចរន្តថាមពលត្រូវគេរំពឹងថា នឹងមកដល់ផែនដីនៅថ្ងៃពុធសប្តាហ៍នេះ ហើយបន្ថែមថាមពលទៅឲ្យពន្លឺ Aurora នៅប៉ូលទាំងពីររបស់ផែនដី។
គួរជម្រាបថា បាតុភូតពន្លឺ Aurora ទាំងពីរនេះ អាចកើតនៅពេលដែល ដែនម៉ាញេទិចការពារផែនដី នាំផ្លូវភាគល្អិតរបស់ Solar Wind ពីព្រះអាទិត្យទៅកាន់តំបន់ប៉ូលទាំងពីររបស់ផែនដី។ នៅពេលដែល Solar Wind មានប្រតិកម្មជាមួយភាគល្អិតឯទៀត នៅក្នុងបរិយាកាសផែនដី វាក៏បង្កើតចេញពីពន្លឺដ៏អស្ចារ្យ។ ពន្លឺ Aurora នៅប៉ូលខាងជើងត្រូវគេហៅថា Northern Light ឬ Aurora Borealis ខណៈនៅប៉ូលិខាងត្បូងត្រូវគេហៅថា Southern Light ឬ Aurora Australis៕