(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃពុធ នេះបានបង្ហាញចេញនូវមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់អ្នករូបវិទូ ដ៏ល្បីល្បាញបំផុតរបស់អង់គ្លេស លោក ស្ទេហ្វិក ហឃីង (Stephen Hawking)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៨។
ឥណ្ឌា និងអង់គ្លេស មានទំនាក់ទំនងគ្នាយ៉ាងល្អក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ហើយចំពេលឥណ្ឌាកំពុងសម្លឹងឃើញការ អភិវឌ្ឍសមត្ថភាពនៅទីអវកាស អ្នកវិទ្យាសស្ត្រទីក្រុងញូដេលី បានសិក្សាស្វែងយល់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទ្រឹស្ដីរបស់ លោក Stephen Hawking។
ដោយឡែក ជុំវិញមរណភាពរបស់អ្នករូបវិទ្យារូបនេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសម្ដែងក្ដីមរណទុក្ខយ៉ាងក្រៀមក្រំ។ លោក Modi ថ្លែងនៅលើ Twitter ដូច្នេះថា «លោកសាស្ត្រាចារ្យ Stephen Hawking គឺជាអ្នកវិទ្យាសាស្ត្រដ៏ឆ្នើម និងអស្ចារ្យម្នាក់ ហើយភាពក្លាហាន និងការប្ដេជ្ញាចិត្តរបស់ត្រូវបានមនុស្សនៅក្នុងលោក ទទួលស្គាល់។ ការបាត់បង់រូបលោក គឺជារឿងមួយគួរឱ្យសោកសៅ ដ្បិតគាត់បានខិតខំធ្វើការងារយ៉ាងខ្លាំង ដើម្បីធ្វើឱ្យពិភព លោករបស់យើងប្រសើរឡើង។ សង្ឃឹមថាវិញ្ញាណក្ខន្ធរបស់លោកនឹងទៅកាន់សុខគតិភព។
គួរបញ្ជាក់ថា លោក Stephen Hawking រូបវិទូដ៏ល្បីល្បាញបំផុតជនជាតិអង់គ្លេស ដែលបានធ្វើការសិក្សាស្រាវជ្រាវ និងផ្តល់តម្លៃនៃការសិក្សាជាច្រើន ទៅលើជីវិតភពផ្សេង និងបញ្ហាពាក់ព័ន្ធនឹងប្រហោងខ្មៅនោះ ទីបំផុតបានទទួលមរណៈភាពហើយ ក្នុងអាយុ ៧៦ឆ្នាំ ក្រោយពីទទួលរងជំងឺរាប់សិបឆ្នាំមកនេះ ដោយអង្គុយលើរទេះ និងមានឧបករណ៍វេជ្ជសាស្ត្រ ជំនួយសុខភាពជាប់ជានិច្ចនោះ។
ព័ត៌មាននានាបានចេញផ្សាយដូចខាងលើនេះ នៅពេលបានទទួលព័ត៌មានពីក្រុមគ្រួសាររបស់លោក Stephen Hawking ផ្ទាល់។ លោក Hawking ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថា ជារូបវិទូដ៏ល្បីល្បាញ និងមានការសិក្សាស៊ីជម្រៅបំផុត មានដើមកំណើតនៅទីក្រុង Oxford នៃចក្រភពអង់គ្លេស ទៅលើទ្រិស្តីនៃការធ្វើដំណើរឆ្លងពេលវេលា, ការសិក្សាពាក់ព័ន្ធប្រហោងខ្មៅ (Black Hole), និងការវិភាគអំពីជិវិតអេលៀន។
ស្នាដៃចុងក្រោយបំផុត ដែលត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោកនោះ គឺលោក Hawking បានចេញនូវសេចក្តីព្រមានមួយ ដល់ក្រុមអ្នកវិទ្យាសាស្ត្រ និងមនុស្សលើភពផែនដី ឲ្យឈប់បន្តសកម្មភាពស្វែងរកជីវិតអេលៀន ឬមនុស្សភពផ្សេងនោះទៀតទៅ ព្រោះវានឹងបង្កការគំរាមកំហែងដល់ភពផែនដី ប្រសិនបើអេលៀនទាំងនោះ មកកាន់តែផែនដីដោយចេតនាចង់ទន្ទ្រានគ្រប់គ្រង។
ជុំវិញការទទួលមរណៈភាពនេះ កូនៗរបស់លោក Hawking គឺអ្នកនាង Lucy, លោក Robert និង លោក Tim បានអះអាងថា ពួកគេពិតជាមានអារម្មណ៍ក្តុកក្តួលបំផុត ចំពោះការលាចាកលោក នៃឪពុកជាទីស្រឡាញ់បំផុតរបស់ពួកគេ។ ទោះបីជាបែបនេះក្តី ស្នាដៃ និងលទ្ធផលនៃការស្រាវជ្រាវរបស់លោក នឹងបន្តក្លាយជាវត្ថុមានតម្លៃ សម្រាប់អ្នកវិទ្យាសាស្ត្រ និងមនុស្សលើផែនដី ធ្វើការស្វែងយល់ ហើយសិក្សាបន្តទៅមុខទៀត៕