(កាណាដា)៖ អាជ្ញាធរ​កាណាដាបានបង្កើតកំហុស​ឆ្គងមួយ ដោយដាក់​ច្រឡំទង់ជាតិ​អាល្លឺម៉ង់ ជំនួសទង់ជាតិ​ប្រទេស​ប៊ែលហ្សិក ជាកិច្ចស្វាមគន៍​ដំណើរទស្សនកិច្ច​ របស់ក្រុមគ្រួសារ​រាជវង្ស​ប៊ែលហ្សិក មកកាន់ទីក្រុង​អូតតាវ៉ា កាលពី​ថ្ងៃចន្ទ មុននឹងវា​ត្រូវបាន​ដូរចេញវិញភ្លាមៗ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។

ការភ័ន្តច្រឡំ​កើតមានឡើង​នៅចំពេល​ នៃការបំពេញដំណើរ​ទស្សនកិច្ច​ជាលើក​ដំបូងបំផុត មកកាន់ប្រទេស​កាណាដា ក្នុងរយៈពេល​ជាង ៤០ឆ្នាំមកនេះ។​ ព្រះអង្គ​ម្ចាស់ ហ្វីលីព (Philippe) និង​ម្ចាស់ក្សត្រី ម៉ាត់ធីល (Mathilde) ត្រូវបាន​ទទួល​ស្វាគមន៍​នៅឯវិមាន​របស់អគ្គ​ទេសាភិបាល ជូលៀ ផាយេត (Julie Payette) ដែលជាតំណាង​របស់ម្ចាស់ក្សត្រី​ អេលីហ្សាប៊ែតទី ២ (Elizabeth II)។

ជាមួយគ្នានោះ ព្រះអង្គម្ចាស់ Philippe និងម្ចាស់ក្សត្រី Mathilde ក៏បានចូលរួមផងដែរ ក្នុងពិធីដាំ​ដើមឈើ នៅក្បែរដើម​ឈើមួយ ត្រូវបានដាំដោយម្ចាស់ក្សត្រី ប៊ែលហ្សិក ហ្វាប្យូឡា (Fabiola) កាលពីឆ្នាំ១៩៧៧។ ប៉ុន្តែស្រាប់តែ ទ្រង់ទាំងពីរ​បែរជាបាន​ឃើញទង់ជាតិអាល្លឺម៉ង់ ​ដោតនៅលើ​ដើមឈើ​នេះ​ទៅវិញ។

គួរបញ្ជាក់ថា កំហុសឆ្គងនេះ​ត្រូវបានផ្សព្វផ្សាយ​នៅលើ Twitter ដោយអ្នកសារព័ត៌មាន​ប៊ែលហ្សិកម្នាក់​ឈ្មោះ វីម ដេហេនស្គូតធើ (Wim Dehandschutter)។ ទង់ជាតិអាល្លឺម៉ង់ និងទង់ជាតិប៊ែលហ្សិក មានពណ៌ខ្មៅ ក្រហម និងលឿង ដូចគ្នាខុស​ត្រង់តែទង់ជាតិ អាល្លឺម៉ង់គឺផ្កេក រីឯទង់ជាតិប៊ែលហ្សិក​គឺបញ្ឈរ៕