(អាហ្វហ្គានីស្ថាន)៖ យ៉ាងហោចណាស់កងកម្លាំងប៉ូលិសចំនួន ០២នាក់ បានបាត់បង់ជីវិតនៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើរថយន្ត ដែលស្ថិតនៅខេត្ត ហ៊ែលម៉ាន់ដ៍ (Helmand) ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
គ្រាប់បែកត្រូវបានប៉ូលិសអះអាងថា បានដាក់បង្កៃ និងបំផ្ទុះនៅលើរថយន្តមួយគ្រឿង ដែលចតនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែន ក្នុងខេត្ត Helmand ហើយក្រៅពីប៉ូលិសដែលបានស្លាប់នោះ មន្ត្រីប៉ូលិសចំនួន ០២រូប ទៀតក៏បានទទួលរងរបួសផងដែរ។
គួរបញ្ជាក់ថា មិនទាន់មានក្រុមណាមួយចេញមុខអះអាងថា ជាអ្នកស្ថិតនៅពីក្រោយទង្វើបំផ្ទុះគ្រាប់បែកអត្តឃាតនេះឡើយ ប៉ុន្តែជារឿយៗករណីកើតឡើងនេះ តែងតែត្រូវបានបង្កឡើង ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ និង ISIS៕