ពិតជាមិនធម្មតា! ដូណាល់ ត្រាំ «មានគំរោងបង្កើតកងទ័ពអវកាស» ដែលជាកងកម្លាំងប្រភេទថ្មី ក្នុងវិស័យយោធាអាមេរិក!
14-03-2018 11:57
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សំណើឲ្យបង្កើតកងទ័ពអវកាស ជាផ្នែកកងកម្លាំងថ្មីនៅក្នុងវិស័យយោធា របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
ថ្លែងក្នុងការធ្វើសុន្ទរកថាមួយ នៅចំពោះមុខមន្រ្តីយោធា នៅឯមូលដ្ឋានទ័ពអាកាសនៃកងម៉ារីន Miramar ក្នុងទីក្រុងសាន់ដេអេហ្គោ (San Diego) នៃរដ្ឋកាលីហ្វរញ៉ា លោក ដូណាល់ ត្រាំ បាននិយាយថា យុទ្ធសាស្រ្តការពារជាតិថ្មីរបស់លោក មើលឃើញក៏ដូចជាទទួលស្គាល់ថា ទីអវកាសគឺទីកន្លែងដែលអាចកើតមានសង្រ្គាមបាន មុនខុសអ្វីពីដីគោក ផ្ទៃអាកាស និងដែនសមុទ្រឡើយ។
គួរជម្រាប ការថ្លែងសុន្ទរកថារបស់លោក ត្រាំ ធ្វើឡើង ក្នុងឱកាសរូបលោក បានចុះត្រួតពិនិត្យមើលគំរូនៃជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដែលលោកបានសន្យាជាយូរណាស់មកហើយ។ ចំពោះកងកម្លាំងអវកាសនេះ អាចមិនមែនជាការបញ្ជូនទ័ព ទៅលើមេឃ និងបង្កើតមូលដ្ឋានទ័ព (ស្ថានីយទ័ពអវកាស) នៅទីនោះឡើយ ប៉ុន្តែវាជាការបង្កើតក្រុមឃ្លាំមើល ដែលមានទាំងឧបករណ៍អង្កេតពីលើទីអវកាស ចំពោះទីតាំងយុទ្ធសាស្ត្រសំខាន់ៗលើភពផែនដី ដែលសហរដ្ឋអាមេរិកឈរជើង៕