លោក ដូណាល់ ត្រាំ ទៅដល់រដ្ឋកាលីហ្វរញ៉ាតាមការសន្យា និងពន្យល់ពីមូលហេតុដែលលោកត្រូវតែកសាងជញ្ជាំងព្រំដែន ជាមួយម៉ិចស៊ីកូ...
14-03-2018 10:53
(កាលីហ្វ័រញ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបំពេញដំណើរទស្សនកិច្ចជាលើកដំបូង តាមពាក្យសន្យាទៅកាន់ទីក្រុង សាន់ ឌាហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័រញ៉ា ដើម្បីត្រួតពិនិត្យមើលការសាងសង់ គំរូជញ្ជាំងព្រំដែនជាមួយមិចស៊ីកូ។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនាឱកាសបំពេញដំណើរទស្សនកិច្ច កាលពីថ្ងៃអង្គារនោះដែរ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាអ្នកមិនមានប្រព័ន្ធជញ្ជាំងព្រំដែននៅទីនេះទេ នោះយើងនឹងមិនមានប្រទេសឡើយ... ដូច្នេះអ្នកត្រូវយល់ និងដឹងឱ្យច្បាស់ពីអ្វី ខ្លះដែលនៅម្ខាងទៀតនៃជញ្ជំងព្រំដែន»។ ប៉ុន្តែទន្ទឹមគ្នានឹងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកតវ៉ា ២០០នាក់ ក៏បានប្រមូលផ្ដុំគ្នា សម្ដែងការជំទាស់នឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ផងដែរ។
គួរបញ្ជាក់ថា ជញ្ជាំងព្រំដែនថ្មីមានតម្លៃជាង ១៨ពាន់លានដុល្លារ របស់លោក ដូណាល់ ត្រាំ ដែលត្រូវបានចាប់ផ្ដើមសាងសង់ កាលពីខែកញ្ញា ឆ្នាំ២០១៧ មានកម្ពស់ ៩.១ម៉ែត្រ ព្រមទាំងគ្របដណ្ដប់លើចំងាយប្រវែង ១,០០០ម៉ៃល៍ (១,៦០៩គីឡូម៉ែត្រ)៕