(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃពុធនេះ បានអះអាងថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើន ចង់ឱ្យកងទ័ពអាមេរិក ដកចេញពីឧបទ្វីបកូរ៉េ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញខ្លះព្រមានថា ទីក្រុងព្យុងយ៉ាងអាចនឹងប្រើប្រាស់កម្លាំង យោធាបង្រួបបង្រួមកូរ៉េ បើសិនជាកងទ័ពអាមេរិកត្រូវដកចេញមែននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
សម្រាប់កូរ៉េខាងជើងវិញ ធ្លាប់បានបង្ហាញការចង់បានរបស់ខ្លួនថា កងទ័ពអាមេរិកជាង ២៨,៥០០នាក់ ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង គួរតែត្រូវបានដកចេញពីកូរ៉េខាងត្បូង ដើម្បីសន្តិភាព។ ប៉ុន្តែក្រុមអ្នកជំនាញខ្លះព្រមានថា វានឹងមិនដូចជាការលើកឡើងខាងលើនេះទេ ព្រោះទីក្រុងព្យុងយ៉ាង អាចនឹងប្រើប្រាស់កម្លាំងយោធា បង្រួបបង្រួមកូរ៉េ បើសិនជាកងទ័ពអាមេរិក ត្រូវដកចេញពីឧបទ្វីបកូរ៉េ។
ដោយឡែក ជុំវិញបញ្ហានេះដែរ កាសែតកូរ៉េខាងជើង Rodong Sinmun បាននិយាយថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើន ចង់ឱ្យទីក្រុងសេអ៊ូល ដកកងទ័ពអាមេរិកចេញពីឧបទ្វីបកូរ៉េ។ «អ្វីដែលប្រជាជនកូរ៉េខាងត្បូង ត្រូវការនោះ គឺការដកកងទ័ពអាមេរិក ដោយគ្មានលក្ខខណ្ឌពីកូរ៉េខាងត្បូង... ហើយពួកគេមិនបាន ស្វាគមន៍វត្តមានកងទ័ពឡើយ ដ្បិតវាគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពនៅលើឧបទ្វីបកូរ៉េ»។ នេះបើតាមកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun។
គួរបញ្ជាក់ថា ការលើកឡើងរបស់ Rodong Sinmun កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានចាប់ផ្ដើមកិច្ចចរចាស្ដីពី កិច្ចព្រមព្រៀងរយៈពេល ០៥ឆ្នាំ ក្នុងការរក្សាកងទ័ពអាមេរិក ២៨,៥០០នាក់ នៅលើទឹកដីកូរ៉េខាងត្បូង៕