(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវដកតំណែង លោក រិច ធីល្លឺសុន បានព្រមានពីឥរិយាបថបង្ករឿង និងសកម្មភាពរបស់រុស្ស៊ី ហើយការព្រមាននេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានលោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែងកាលពីថ្ងៃអង្គារ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកសារព័ត៌មាន នៅឯក្រសួងការបរទេសអាមេរិក លោក ធីល្លឺសុន បានលើកឡើង យ៉ាងដូច្នេះថា «រុស្ស៊ីត្រូវតែវាយតម្លៃយ៉ាងប្រយ័ត្នប្រយែង ចំពោះសកម្មភាពរបស់ខ្លួនថា តើវាអាចផ្ដល់ផលប្រយោជន៍ដល់ប្រជាជនរុស្ស៊ី និងប្រជាជននៅលើពិភពលោក... ព្រោះការបន្តសកម្មភាពរបស់ពួកគេដូចបច្ចុប្បន្ន កំពុងធ្វើឱ្យពួកគេកាន់តែឯកោ ហើយស្ថានភាពបែបនេះ មិនបានផ្ដល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ»។
គួរបញ្ជាក់ថា ទើបកាន់តំណែងបានត្រឹមជាងមួយឆ្នាំមកនេះ អតីត CEO ក្រុមហ៊ុនប្រេង Exxon Mobil លោក ធីល្លឺសុន ដែលលោក ត្រាំ ធ្លាប់សរសើរមិនដាច់ពីមាត់ថា ជាអ្នកជំនាញការទូតម្នាក់ ត្រូវបានប្រធានាធិបតីអាមេរិករូបនេះផ្ទាល់ បណ្ដេញចេញពី តំណែងរដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃអង្គារ ហើយអនុរដ្ឋមន្ត្រីការបទេស លោក ចន ស៊ូលលីវេន (John Sullivan) នឹងឡើងកាន់ដំណែងនេះបន្ត រហូតដល់នាយក CIA លោក ម៉ៃក៍ ប៉ុមផេអូ (Mike Pompeo) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មីជាផ្លូវការ។
តែយ៉ាងណាក៏ដោយ លោក ត្រាំខ្លួនឯង មិនបានបញ្ជាក់ពីហេតុផលលម្អិតនៃការបណ្ដេញចេញរូបលោកពីតំណែងឡើយ ប៉ុន្តែ បើគេចាំមិនភ្លេចទេលោក ធីល្លឺសុន ធ្លាប់មានទំនាក់ទំនងល្អក់កករយ៉ាងខ្លាំង ក្រោយលោកហៅលោកត្រាំថាជាមនុស្សល្ងីល្ងឺ ហើយមិនតែប៉ុណ្ណោះអតីតរដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានបង្ហាញពីគំនិតផ្ទុយគ្នាយ៉ាងខ្លាំងផងដែរជាមួយលោក ត្រាំ ជុំវិញ សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង៕