(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ (Lee Myung-bak) បានបង្ហាញមុខចំពោះព្រះរាជអាជ្ញា នៃតុលាការទីក្រុងសេអ៊ូលហើយ នៅព្រឹកថ្ងៃពុធនេះ ដើម្បីធ្វើការស្រាយបំភ្លឺ ជុំវិញបទចោទប្រកាន់នានាមកលើរូបលោក ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
លោក លី ដែលបានចប់អាណត្តិកាន់អំណាចរយៈពេល ០៥ឆ្នាំ កាលពីឆ្នាំ២០១៣ នោះបានបង្ហាញខ្លួន នៅចំពោះមុខតុលាការនៃសង្កាត់ ភាគកណ្តាលទីក្រុងសេអ៊ូល ក្នុងនាមជនសង្ស័យនៃការប្រព្រឹត្តបទឧក្រិដ្ឋ ក្រោយពីមានការចោទប្រកាន់ថា លោកបានទទួលប្រាក់សំណូក ១០លានដុល្លារ ពីក្រុមហ៊ុន និងទីភ្នាក់ងារស៊ើបអង្កេតនានានៅក្នុងប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា លោក លី បានក្លាយជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងចុងក្រោយហើយ ដែលត្រូវបានក្រុមរដ្ឋអាជ្ញាធ្វើការស៊ើបអង្កេត ជុំវិញករណីពុករលួយ ខណៈដែលសាលក្រមទៅលើអតីតប្រធានាធិបតីមួយរូបទៀត គឺលោកស្រី ផាក គឺនហេ ដែលត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំ២០១៧ ជុំវិញករណីពុករលួយដែរនោះ នឹងត្រូវប្រកាសនៅអំឡុងខែមេសា ខាងមុខនេះហើយ៕