(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការលើកកម្ពស់វិស័យកសិកម្មបានធ្វើឱ្យរុស្ស៊ីអាចរកប្រាក់ ចំណូលបានច្រើនជាងការនាំចេញអាវុធទៅក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះទៅកាន់ក្រុមកសិកររុស្ស៊ីកាលពីថ្ងៃចន្ទ។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ី រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«បច្ចុប្បន្ន ការនាំចេញផលិតផលកសិកម្ម មានចំនួនច្រើនលើសលប់ជាងការនាំចេញអាវុធ ទៅទៀត។ ពោលគឺការនាំចេញផលិតផលកសិកម្មមានរហូតដល់២៨.៨ពាន់លានដុល្លារ រីឯប្រាក់ចំណូលពីការនាំចេញអាវុធ ទៅក្រៅប្រទេសមានចំនួនត្រឹមតែ ១៥.៦ពាន់លានដុល្លារតែប៉ុណ្ណោះ»។ លោក ពូទីន បន្ថែមថា រុស្ស៊ីនឹងបង្កើនការលក់ផលិត ផលកសិកម្មជាជាងនាំចូលត្រឡប់មកវិញ។

គួរបញ្ជាក់ថា បើតាមលោក វ្ល៉ាឌីមៀ ពូទីន រុស្ស៊ីអាចនឹងក្លាយជាប្រទេសនាំមុខគេខាងទីផ្សារនៃផលិតផល កសិ-ឧស្សាហកម្ម នៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ហើយក្នុងរយៈពេល០៤ឆ្នាំ ទីក្រុងម៉ូស្គូគ្រោងនឹងផ្គត់ផ្គង់ចំណីអាហារបន្ថែមទៅកាន់ទីផ្សារពិភព លោកជាជាងនាំចូល៕