(ហ្គាសា)៖ ក្បួនប្រតិភូ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីប៉ាឡេស្ទី រ៉ាមី ហាមដាលឡាហ៍ (Rami Hamdallah) ដែលមកបំពេញទស្សនកិច្ចនៅតំបន់ ហ្គាសា បានរងការវាយប្រហារដោយគ្រាប់បែកនៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែជាសំណាងល្អ ដែលលោកមិនបានទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
បើតាមសេចក្តីរាយការណ៍ ពីសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គ្រាន់តែក្បួនរបស់ លោក រ៉ាមី បានចូលមកដល់តំបន់ហ្គាសានោះ សំឡេងផ្ទុះក៏បានកក្រើកឡើងតែម្តង ប៉ុន្តែពុំមានការបញ្ជាក់ថា មានអ្នករងរបួសនោះឡើយ។
គួរបញ្ជាក់ថា សម្រាប់ដំណើរមកដល់នាព្រឹកនេះ របស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោកត្រូវបានអមដំណើរដោយ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ លោក Majid Faraj មកកាន់តំបន់ហ្គាសា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ខណៈដែលប៉ាឡេស្ទីន មានគំរោងអភិវឌ្ឍន៍កសិកម្មនៅទីនេះ៕