(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកសភាគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងគណៈកម្មាធិការស៊ើបអង្កេតសភាបានអះអាងថា ពួកគេមិនបានរកឃើញភស្ដុតាងណាមួយ បង្ហាញពីការឃុបឃិតគ្នា រវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
សមាជិកសភានៃគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងគណៈកម្មាធិការនេះ បានបិទបញ្ចប់ការស៊ើបអង្កេត ដោយគ្មានគំរោងសាកសួរសាក្សីបន្ថែមទៀតឡើយកាលពីថ្ងៃចន្ទ ខណៈពួកគេកំពុងស្ថិតនៅក្នុងនីតិវិធីរៀបចំ របាយការណ៍ចុងក្រោយកម្រាស់ជាង ១៥០ទំព័រ។
ជុំវិញសំណុំរឿងនេះដែរ សមាជិកសភាសាធារណៈរដ្ឋ លោក ម៉ៃក៍ ខូណាវេយ៍ (Mike Conaway) បានគូសបញ្ជាក់យ៉ាងដូច្នេះថា « យើងមិនបានរកឃើញភស្ដុតាងណាមួយ បង្ហាញពីការឃុបឃិតគ្នា រវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦ នោះទេ ហើយយើងក៏មិនអាច សន្និដ្ឋានដូចទីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA ដែរដែលថា រុស្ស៊ីបានជួយលោក ដូណាល់ ត្រាំ»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក សេចក្ដីព្រាងរបាយការណ៍ខាងលើ នឹងត្រូវប្រគល់ជូនសមាជិកសភា នៃបក្សប្រជាធិបតេយ្យនៅថ្ងៃអង្គារនេះ។ គណៈកម្មាធិការស៊ើបអង្កេតសភាអាមេរិក បានពិនិត្យឡើងវិញនូវឯកជាង ៣០០,០០០ច្បាប់ និងបានសាកសួរសាក្សី ៧៣នាក់ ក្នុងនោះមានទាំងអតីតប្រធានយុទ្ធសាស្ត្រសេតវិមាន លោក ស្ទេហ្វិន ប៊ែនណុន (Stephen Bannon) កូនប្រុសច្បង លោកដូណាល់ ត្រាំ គឺលោក Donald Trump Jr. និងកូនប្រសារប្រុសលោក ត្រាំ គឺលោក ហ្សារែដ គូស្នឺ (Jared Kushner) ចាប់តាំងពីការស៊ើបអង្កេត កាលពីខែមករា ឆ្នាំ២០១៧៕