(អាមេរិក)៖ នាពេលនេះអ្នកទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ គឺអាចធ្វើការតាមប្រមាញ់រកភពអេលៀន នៅក្នុងទិន្នន័យរបស់កែវយឺតអវកាស Kepler បាន តាមរយៈការប្រើប្រាស់កូដរបស់ Google ដែលទើបត្រូវបានបញ្ចេញជាសាធារណៈ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
កាលពីខែធ្នូឆ្នាំទៅមិញ អ្នកស្រាវជ្រាវពីររូប បានប្រកាសឲ្យដឹងថា ពួកគេបានរកឃើញភពអេលៀន (នៅក្រៅប្រព័ន្ធព្រះអាទិត្យ) ចំនួនពីរ នៅក្នុងកម្រងទិន្នន័យដែលប្រមូលយកបាន ដោយកែវយឺតអវកាស Kepler តាមរយៈការប្រើប្រាស់វិធីសាស្រ្តសិក្សា ដោយម៉ាស៊ីនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ដោយផ្អែកទៅលើសំណុំ នៃប្រព័ន្ធប្រសាទរបស់ខួរក្បាលមនុស្ស។
ឥឡូវនេះ វិធីសាស្រ្តទាំងនោះ ត្រូវបានបញ្ចេញជាសាធារណៈហើយ ដោយអ្នកទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ អាចស្វែងរកកូដ រួមជាមួយការណែនាំ នៃរបៀបប្រើប្រាស់វា នៅក្នុងតំណភ្ជាប់នេះបាន៖ https://github.com/tensorflow/models/tree/master/research/astronet។
គួរជម្រាបថា មកទល់ពេលនេះ កែវយឺតអវកាស Kepler បានរកឃើញភពជាង ២,៥០០ហើយ ពោលគឺប្រហែលពីរភាគបី នៃភពអេលៀនទាំងអស់ដែលគេស្គាល់ ហើយការឃ្លាំមើលរបស់វាបានបង្ហាញថា ភពផ្សំឡើងពីដុំថ្ម ដែលទំនងជាអាចទ្រទ្រង់ជីវិតបាន គឺសម្បូរខ្លាំងណាស់នៅពាសពេញកាឡាក់ស៊ី Milky Way របស់យើង។
ជាមួយគ្នានេះ កែវយឺតអវកាសមួយផ្សេងទៀតរបស់ NASA នឹងត្រូវបាញ់បញ្ជូនទៅកាន់ទីអវកាសផងដែរ ដោយវាមានឈ្មោះថា TESS និងត្រូវបាញ់បង្ហោះនៅខែក្រោយនេះ ហើយដូចទៅនឹង Kepler ដែរ TESS នឹងប្រើប្រាស់វិធីសាស្រ្ត Transit (ឃ្លាំមើលការថយចុះ នៃពន្លឺនៅពេលភពមួយ ធ្វើគោចរឆ្លងកាត់ផ្កាយមេរបស់វា)។ ប៉ុន្តែបេសកកម្មថ្មីនេះ នឹងផ្តោតសំខាន់ទៅលើភពនៅក្បែរបណ្តាផ្កាយ ដែលនៅជិតព្រះអាទិត្យ ខុសឆ្ងាយពីតំបន់រុករកភព របស់កែវយឺតអវកាស Kepler៕