(ម៉ូស្គូ)៖ ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ កូហ្ស៊ីន (Vladimir Kozhin) បាននិយាយថា រុស្ស៊ីនឹងបង្កើនល្បឿនក្នុងការប្រគល់ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឱ្យទៅតួកគី។ លោក Kozhin ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ Rossiya 24 កាលពីថ្ងៃចន្ទ ដោយលោកថែមទាំងបញ្ជាក់ទៀតថា ទីក្រុងម៉ូស្គូមានគំរោងដឹកជញ្ជូន S-400 ឱ្យតួកគីនៅដើមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
ថ្លែងក្នុងបទសម្ភាសន៍នោះដែរ លោក Kozhin បានឱ្យដឹងយ៉ាងដូច្នេះថា «កិច្ចសន្យាត្រូវបានចុះហត្ថលេខាហើយ និងកំពុងចាប់ផ្ដើម បំពេញ។ រីឯ ភាគីតួកគីនៅតែរក្សាបំណងចង់បានវាឱ្យកាន់តែឆាប់... ដូច្នេះយើងបានសម្រេចចិត្តថា នឹងបង្កើនល្បឿនក្នុងការ ប្រគល់ S-400 ឱ្យទីក្រុងអង់ការ៉ា»។
គួររំលឹកថា កាលពីដំបូងឡើយប្រធានក្រុមហ៊ុន រ៉ូសតិច (Rostec) លោក ស៊ឺហ្គៃ ជែមែហ្សូវ (Sergey Chemezov) បាននិយាយថា តួកគីបានចរចាទិញមីស៊ីល S-400 ក្នុងតម្លៃ ២.៥ពាន់លានដុល្លារ ហើយបើសិនជាវាត្រូវបានប្រគល់ដល់ដៃតួកគីពិតមែន នោះទីក្រុងអង់ការ៉ា នឹងក្លាយជាប្រទេសប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះដំបូងគេបំផុត ក្នុងចំណោមប្រទេសជាសមាជិកអង្គការណាតូ (NATO) ដែលភាគច្រើន ទិញអាវុធតែពីអាមេរិក និងអឺរ៉ុប៕