រដ្ឋមន្ត្រីការបរទេសអាមេរិក ដើរប្រាប់បណ្តាប្រទេសអាហ្វ្រិក ឲ្យប្រយ័ត្ននយោបាយចិន ហើយរឿងនេះកំពុងបង្កកំហឹងជាខ្លាំង ដល់ទីក្រុងប៉េកាំង!
13-03-2018 11:18
(អាហ្វ្រិក)៖ ការលើកឡើងនាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ពាក់ព័ន្ធនឹងតួនាទីរបស់ចិននៅក្នុងតំបន់អាហ្វ្រិក គឺជារឿងមិនពិត ហើយវាជាការបង្ខូចកេរ្តិ៍ឈ្មោះចិន ដែលជារឿងមួយដ៏អាម៉ាសបំផុត។ នេះបើតាមអគ្គរដ្ឋទូតចិន ប្រចាំប្រទេសអាហ្រ្វិកខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ចំថ្ងៃដែលោក ធីល្លឺសុន បញ្ចប់ទស្សនកិច្ចនៅអាហ្រ្វិក អគ្គរដ្ឋទូតចិន លោក លីន សុងទៀន (Lin Songtian) បានកត់សម្គាល់យ៉ាងដូច្នេះថា «មន្ត្រីការទូតកំពូលអាមេរិក បានជ្រើសរើសកន្លែងខុស ប្រធានបទ ប្រឆាំងនឹងគោលដៅខុស... ដែលទាំងនេះជាហេតុផលអាហ្វ្រិក និយាយថា ប្រាប់លោកលោកពាក្យសម្ដីរបស់លោក ពាក់ព័ន្ធនឹងចិន គឺជារឿងមិនពិត និងខុសទាំងស្រុង។ ខ្ញុំសូមទោសដែលនិយាយថា នេះគឺជារឿងមួយដ៏អាម៉ាស»។
គួររំលឹកថា នៅអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល ០៥ថ្ងៃ នៅអាហ្រ្វិក លោក ធីល្លឺសុន បានប្រាប់បណ្ដាប្រទេសអាហ្វ្រិកទាំងអស់ ឱ្យប្រយ័ត្នប្រយែងចំពោះជំនួយកម្ចីហិរញ្ញវត្ថុរបស់ចិន ដ្បិតលោកយល់ថា វាជាអន្ទាក់បំណុល និងធ្វើឱ្យដែនអធិបតេយ្យ ភាពអាហ្រ្វិកចុះទន់ខ្សោយ។
យ៉ាងណាក៏ដោយ ជាការឆ្លើយតប លោក Lin Songtian បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន និងក្រុមហ៊ុនចិនបានវិនិយោគ លុយជាង ១០០ពាន់លានដុល្លា នៅអាហ្រ្វិក ព្រមទាំងបានកសាងផ្លូវដែកប្រវែង ៦,៥០០គីឡូម៉ែត្រ, ផ្លូវហាយវ៉េ ៦,០០០ គីឡូម៉ែត្រ សាលារៀន ២០០ខ្នង, និងពហុកីឡដ្ឋាន ៨០កន្លែង៕