(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគីបានប្រកាសឲ្យដឹងថា មកពេលនេះសមាជិក នៃក្រុមភេរវករសរុបចំនួន ៣,៣៤៧នាក់ហើយ ត្រូវបានកម្ទេចចោល នៅក្នុងអំឡុងការធ្វើប្រតិបត្តិការយោធាដ៏ក្តៅគគុករបស់ខ្លួន នៅក្នុងតំបន់ Afrin ភាគខាងជើងនៃប្រទេសស៊ីរី ដែលបានប្រព្រឹត្តទៅអស់ពេលជិត ០២ខែ ទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធឃើដ ដែលឈរជើងនៅក្នុងទឹកដីស៊ីរី កាលពីថ្ងៃទី២០ ខែមករាមក កងកម្លាំងយោធាតួកគី ព្រមទាំងសម្ព័ន្ធមិត្ត គឺក្រុមឧទ្ទាមស៊ីរី FSA បានដណ្តើមកាន់កាប់យកដែនដីទំហំ ១,១០០គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ Afrin ព្រមទាំងទីតាំងចំនួន ១៩៧កន្លែង រួមមានក្រុងតូចចំនួន ០៥, ភូមិចំនួន ១៥៩, ទីទួលយុទ្ធសាស្រ្តចំនួន ៣៣, និងមូលដ្ឋានចំនួនមួយរបស់ក្រុមអ្នកប្រយុទ្ធឃើដ។
គួរជម្រាបថា ក្រុមអ្នកប្រយុទ្ធឃើដ YPG ត្រូវបានរដ្ឋាភិបាលទីក្រុងអង់ការ៉ា ចាត់ទុកជាបណ្តាញនៅក្នុងប្រទេសស៊ីរី របស់ក្រុមឃើដ PKK ដែលស្ថិតនៅក្នុងបញ្ជីភេរវកររបស់តួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ដោយឡែកមកទល់ពេលនេះ កងទ័ពតួកគី និងក្រុមឧទ្ទាមស៊ីរី FSA កំពុងទន្រ្ទានកាន់តែជិតដល់ទីក្រុង Afrin គ្រប់គ្រងដោយក្រុមអ្នកប្រយុទ្ធឃើដ YPG ដែលជាទីតាំងស្នូលនៃតំបន់ Afrin (មានឈ្មោះតែមួយ) មែនទែនហើយ ពោលគឺជាងមួយគីឡូម៉ែត្រទៀតប៉ុណ្ណោះ៕