(នេប៉ាល់)៖ ខណៈដែលករណីធ្លាក់យន្តហោះពេលចុះចត នៅឯអាកាសយានដ្ឋាននៃទីក្រុង កាត្មាន់ឌូ (Kathmandu) ប្រទេសនេប៉ាល់ បានផ្តាច់ជីវិតមនុស្ស ៤៩នាក់ និងបណ្តាលឲ្យរបួស ២២នាក់ ហើយមូលហេតុជាក់លាក់នៅពីក្រោយសោកនាដកម្ម មិនត្រូវបានរកឃើញនៅឡើយនោះ ក្រុមហ៊ុនអាកាសចរណ៍បង់ក្លាដែស US-Bangla ដែលជាម្ចាស់យន្តហោះ បានទម្លាក់កំហុសទៅលើស្ថានីយគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ប៉ុន្តែខាងព្រលានយន្តហោះបានបន្ទោសថា យន្តហោះនោះបានហោះសំដៅដើម្បីធ្វើការចុះចត មកពីទិសដៅមិនត្រឹមត្រូវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
យន្តហោះមួយគ្រឿង មានជើងហោះហើរ BS211 បានជ្រុលហួសចេញពីផ្លូវចុះចត បន្ទាប់ពីគេចមិនឲ្យប៉ះកន្ទុយ របស់យន្តហោះមួយគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលបានចតចោលនៅក្នុងព្រលានយន្តហោះ។ មូលហេតុច្បាស់លាស់ ដែលបានបង្កឲ្យមានហេតុការណ៍ដ៏រន្ធត់នេះ នៅតែមិនទាន់ត្រូវបានរកឃើញឲ្យប្រាកដនៅឡើយ ប៉ុន្តែនាយករដ្ឋមន្រ្តីនេប៉ាល់ លោក ហ្សាម៉ា អូលី (KP Sharma Oli) បានសន្យាថា នឹងបើកការស៊ើបអង្កេតមួយភ្លាមៗ ដើម្បីស្វែងរកមូលហេតុជាក់លាក់។
យ៉ាងណាមិញ បើតាមការថតសំឡេងនៃការសន្ទនា រវាងអាកាសយានិកយន្តហោះ និងស្ថានីយគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស នៅប៉ុន្មាននាទីមុនពេលកើតហេតុ ទំនងជាបានបង្ហាញថា មានការយល់ខុសមួយចំនួន រវាងភាគីទាំងសងខាង ជុំវិញបញ្ហាថា តើខាងចុងណានៃផ្លូវចុះចត ដែលមានតែមួយនៅក្នុងព្រលានយន្តហោះនោះ ដែលនៅទំនេរអាចឲ្យយន្តហោះចុះចតបាន។ យន្តហោះនេះ ត្រូវគេរាយការណ៍ថា បានហោះក្រវែលអាកាសយានដ្ឋានដល់ទៅពីរជុំ មុនពេលព្យាយាមចុះចតថែមទៀតផង។
គួរជម្រាបថា យន្តហោះរបស់អាកាសចរណ៍ US-Bangla ខាងលើ ដែលមានប្រភេទ Bombardier Dash 8 Q400 មានគោលដៅហោះចេញពីរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដែស និងមានផ្ទុកអ្នកដំណើរចំនួន ៦៧នាក់ និងសហសេវិក ០៤នាក់ សរុបគឺ ៧១នាក់។ ក្នុងចំណោមអ្នកដំណើរទាំងនោះមាន ៣៣នាក់ ជាជនជាតិនេប៉ាល់, ៣២នាក់ ជាជនជាតិបង់ក្លាដែស, ម្នាក់ជាជនជាតិចិន, និងម្នាក់ទៀតជាជនជាតិម៉ាល់ឌីវ៕