(ប៉េកាំង)៖ នៅក្នុងសេចក្តីព្រាងនៃកំណែទម្រង់ ផ្ញើទៅកាន់ក្រុមប្រឹក្សានីតិបញ្ញតិជាតិធ្វើការពិនិត្យនោះ ប្រទេសចិនមានគំរោងក្នុងការបង្កើតក្រសួងថ្មីៗបន្ថែមមួយចំនួន ដូចជាក្រសួងធនធានធម្មជាតិ, ក្រសួងបរិស្ថានអេកូឡូហ្ស៊ី, ក្រសួងកិច្ចការកសិកម្ម និងជនបទ, ក្រសួងចាត់ចែងគ្រាមានអាសន្ន និង ក្រសួងកិច្ចការអតីតយុទ្ធជនជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ក្រោយទទួលបានសេចក្តីព្រាងច្បាប់មួយ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
ក្រសួងខាងលើនេះ គឺត្រូវបានធ្វើកំណែទម្រង់ ឬផ្លាស់ប្តូរតែម្តងពីក្រសួងចាស់ ទៅជាក្រសួងដែលមានរចនាសម្ព័ន្ធថ្មី ប្រសើរជាងមុន។ បន្ថែមពីនេះស្ថាប័នថ្នាក់រដ្ឋបាលមួយចំនួនទៀត ក៏ត្រូវគ្រោងបង្កើតឡើងផងដែរ ដើម្បីសម្រួលដល់មុខងារសាធារណៈឲ្យកាន់តែប្រសើរឡើងមានដូចជា ទីភ្នាក់ងារអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ និងរដ្ឋបាលអន្តោប្រវេសន៍ថ្នាក់រដ្ឋផងដែរ។
ក្រៅពីនេះទៀតក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នឹងត្រូវបន្ថែមមុខនាទីការងារថ្មីទៀត ហើយក្រសួងទេសចរណ៍ និងវប្បធម៌ នឹងត្រូវរួមបញ្ចូលគ្នាជាក្រសួងតែមួយ។ ដោយឡែកពីការបង្កើត និងកំណែទម្រង់ស្ថាប័នចាស់ និងថ្មីនេះ ប្រទេសចិនក៏គ្រោងរំលាយចោលនូវការិយាល័យកិច្ចការច្បាប់ផងដែរ។ ប្រទេសចិននឹងធ្វើការផ្តោតសំខាន់បន្ថែមទៀត ទៅការបង្កើតរដ្ឋបាលដីធ្លី និងព្រៃឈើ, រដ្ឋបាលទីផ្សារនិយតកម្មរបស់រដ្ឋ និងរដ្ឋបាលធានារ៉ាប់រងថ្នាក់រដ្ឋជាដើម។
គួរបញ្ជាក់ថា អ្វីៗទាំងអស់គឺមិនបញ្ចប់នោះទេ ដោយសេចក្តីព្រាងនៃកំណែទម្រង់ស៊ីជម្រៅ ដែលនឹងនាំឲ្យលេចចេញនូវក្រសួង និងស្ថាប័នរដ្ឋធំៗសរុបចំនួន ២៦ នេះត្រូវបានចាត់ទុកជាការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំមួយ សម្រាប់រដ្ឋាភិបាលចិន ដើម្បីបង្កើនប្រសិទ្ធភាព នៃមុខងារសាធារណៈជូនដល់ប្រជាជនចិនរាប់ពាន់លាននាក់ ហើយសេចក្តីព្រាងទាំងមូលក្រុមប្រឹក្សារដ្ឋ នឹងដាក់ជូនទៅសម័យប្រជុំដំបូង នៃកិច្ចប្រជុំសភាប្រជាជននីតិកាលទី ១៣ សម្រាប់ពិភាក្សា៕