នាយករដ្ឋមន្ត្រីជប៉ុន បង្ហាញបំណងចង់ដោះស្រាយបញ្ហាចាប់ជម្រិត ជាមួយកូរ៉េខាងជើង!
13-03-2018 09:49
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃអង្គារនេះបាននិយាយថា ជប៉ុនចង់ឃើញដំណោះស្រាយមួយ សម្រាប់បញ្ហាចាប់ជម្រិតពលរដ្ឋជប៉ុន លេចឡើងជារូបរាង ចេញពីកិច្ចចរចាជាមួយកូរ៉េខាងជើង ហើយថាទីក្រុងព្យុងយ៉ាង គួរតែធ្វើសកម្មភាពជាជាងនិយាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
លោក អាបេ ថ្លែងបែបនេះ បន្ទាប់ពីនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង លោក ស៊ូហ៍ ហ៊ូន (Suh Hoon) បានបញ្ជាក់ក្នុងអំឡុងពេល ជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃចន្ទក្នុងទីក្រុងតូក្យូថា លោកមិនបានពិភាក្សាពីបញ្ហាចាប់ជម្រិតពលរដ្ឋជប៉ុន ដោយកូរ៉េខាងជើងឡើយ នៅពេលលោកបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោននាពេលថ្មីនេះ។
មិនតែប៉ុណ្ណោះ លោកថែមទាំងបានអះអាងទៀតថា ជំនួបជាមួយលោក គីម ជុងអ៊ុន គឺផ្ដោតសំខាន់តែលើការលុបបំបាត់អាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងការរៀបចំកិច្ចប្រជុំអន្តរកូរ៉េតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមជួបលោក គីម ជុងអ៊ុន នៅខែឧសភាខាងមុខនេះ ខណៈប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គ្រោងនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ នៅខែមេសា៕