(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមសង្គ្រោះនៅព្រលានយន្តហោះ ក្នុងរដ្ឋធានី នៃប្រទេសនេប៉ាល់បានឲ្យដឹងថា សាកសពចំនួន៤៩នាក់ ត្រូវបានយក ចេញពីគំនរយន្តហោះ ដែលបានឆេះ និងបែកជាបំណែក ក្រោយពីវាបានរអិលធ្លាក់ផ្លូវចុះចត ហើយបុកពេញទំហឹងនឹងទីលាន បាល់ទាល់ ដែលនៅក្បែរព្រលានក្នុងទីក្រុងកាត្មាន់ឌូនោះ៕
២៖ កងទ័ពតួកគីព្រមទាំងក្រុមឧទ្ទាមស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានទៅដល់ជាយក្រុង Afrin ដែលគ្រប់គ្រងដោយ ក្រុមអ្នកឃើដ YPG ហើយ បន្ទាប់ពីបានបើកប្រតិបត្តិការយោធាយ៉ាងក្តៅគគុក អស់រយៈពេលប៉ុន្មានសប្តាហ៍មកប្រឆាំងនឹង ក្រុម YPG នៅតំបន់ភាគនិរតីនៃប្រទេសស៊ីរី៕
៣៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពាក្យស្លោកសម្រាប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់អាណត្តិទីពីររបស់លោក គឺ «Keep America Great (បន្តរក្សាអាមេរិកឲ្យនៅអស្ចារ្យដដែល)» ដោយឈរលើពាក្យ ស្លោកនៃយុទ្ធការបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ «Make America Great Again (ធ្វើឲ្យអាមេរិកមានភាពអស្ចារ្យ ម្តងទៀត)» ហើយលោកក៏បានកោតសរសើរស្នាដៃដឹកនាំប្រទេសរបស់លោក ក្នុងរយៈពេលជាង០១ឆ្នាំនេះផងដែរ៕
៤៖ ខណៈដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េ កំពុងមានភាពវិជ្ជមានទៅមុខ កម្រិតប្រជាប្រិយភាពរបស់ប្រធានាធីបតី កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បែរជាបានដាំដូងចុះទៅវិញកាលពីសប្តាហ៍មុន គឺដោយសារតែបញ្ហាចម្រូសចម្រាស់កាន់តែ ខ្លាំងឡើង ជុំវិញរឿងអាស្រូវផ្លូវភេទនៃមន្រ្តីមួយចំនួននៅក្នុងគណបក្សកាន់អំណាចរបស់លោក៕
៥៖ យោធារុស្ស៊ីបានឱ្យដឹងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល គីនហ្សាល់ (Kinzhal) ជាប្រភេទមីស៊ីល ល្បឿនលឿនមួយ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានប្រកាសកាលពីដើមខែមីនា ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀពូទីន៕
៦៖ ប្រភពពីក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានឱ្យដឹងថា កងទ័ពអាមេរិកគ្រោងនឹងបញ្ជូននាវាផ្ទុកយន្ដហោះ ចម្បាំង USS Wasp ឱ្យមកចូលរួមធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងនៅខែមេសា ខាងមុខនេះ៕