(កាត្មាន់ឌូ)៖ ក្រុមសង្គ្រោះនៅព្រលានយន្តហោះ ក្នុងរដ្ឋធានី នៃប្រទេសនេប៉ាល់បានឲ្យដឹងថា សាកសពចំនួន ៤៩នាក់ ត្រូវបានយកចេញពីគំនរយន្តហោះ ដែលបានឆេះ និងបែកជាបំណែក ក្រោយពីវាបានរអិលធ្លាក់ផ្លូវចុះចត ហើយបុកពេញទំហឹងនឹងទីលានបាល់ទាល់ ដែលនៅក្បែរព្រលានក្នុងទីក្រុងកាត្មាន់ឌូនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានជួបឧប្បដិហេតុនៅក្បែរព្រលានយន្តហោះ ទ្រីបហូវ៉ាន់ (Tribhuvan) នៃទីក្រុងកាត្មាន់ឌូ របស់ប្រទេសនេប៉ាល់ នៅរសៀលថ្ងៃចន្ទ នេះតែម្តង បណ្តាលឲ្យផ្ទុះ និងបង្កជាផ្សែងហុយទ្រលោម គួរឲ្យតក់ស្លុតបំផុត ខណៈអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំនួន ១៧នាក់ និង ០៥នាក់បាត់ខ្លួន។
យន្តហោះខាងលើដែលមានកៅអីអង្គុយចំនួន ៧៨កៅអី ត្រូវគេរាយការណ៍ថា មានផ្ទុកមនុស្ស ៧១នាក់ នៅលើនោះ ហើយភ្លាមៗនេះក្រុមជួយភ្នាក់ងារសង្រ្គោះបន្ទាន់ និងពន្លត់អគ្គីភ័យ បានរួចរាន់ទៅកាន់ទីលានទាត់បាល់ ជាទីដែលយន្តហោះបានធ្លាក់ចំ ហើយបន្តបន្ទាប់ទៀត មនុស្ស ៤៩នាក់ ត្រូវបានអះអាងថា ស្លាប់បាត់ទៅហើយ។
ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ កំពុងបន្តព្យាយាមជួយសង្រ្គោះ អ្នកដំណើរទាំងប៉ុន្មាននាក់ផ្សេងទៀត ដោយមិនទាន់បញ្ជាក់ថា មានក្រុមសហសេវិក និងអ្នកដំណើរប៉ុន្មាននាក់ ស្ថិតនៅក្នុងចំណោមមនុស្សស្លាប់, ត្រូវបានជួយសង្គ្រោះ និងកំពុងស្ថិតនៅក្នុងគំនរយន្តហោះខ្ទេចខ្ទីនោះឡើយ។
គួរជម្រាបថា បើតាមអ្នកនាំពាក្យនៃព្រលានយន្តហោះអន្តរជាតិ Tribhuvan ក្នុងរដ្ឋធានី Kathmandu យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ US-Bangla Airlines ដែលបានហោះចេញមកពីរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដែស បានជ្រុលហួសចេញពីផ្លូវ នៅអំឡុងពេលចុះចតនារសៀលថ្ងៃចន្ទនេះ ហើយបុកចំទីលានទាត់បាល់មួយកន្លែង នៅក្បែរអាកាសយានដ្ឋាន រួចក៏ឆាបឆេះឡើង ដែលបង្កជាដុំផ្សែងខ្មៅយ៉ាងសន្ធប់ទៅលើផ្ទៃមេឃ៕