(កាត្មាន់ឌូ)៖ ក្រុមសង្គ្រោះ​នៅព្រលានយន្តហោះ​ ក្នុងរដ្ឋធានី នៃប្រទេសនេប៉ាល់​បានឲ្យដឹងថា សាកសពចំនួន​ ៣៨នាក់ ត្រូវបានយកចេញ​ពីគំនរយន្តហោះ ដែលបានឆេះ និងបែកជា​បំណែក ក្រោយពីវាបានរអិល​ធ្លាក់ផ្លូវចុះចត ហើយបុកពេញ​ទំហឹងនឹងទីលាន​បាល់ទាល់ ដែលនៅក្បែរព្រលាន​ក្នុងទីក្រុងកាត្មាន់ឌូ​នោះ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះ​បន្តិច ដោយបណ្តាញ​ព័ត៌មានទាន់​ហេតុការណ៍ នាល្ងាច​ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានជួបឧប្បដិហេតុនៅក្បែរ​ព្រលានយន្តហោះ ទ្រីបហូវ៉ាន់ (Tribhuvan) នៃទីក្រុងកាត្មាន់ឌូ របស់ប្រទេស​នេប៉ាល់ នៅរសៀល​ថ្ងៃចន្ទ នេះតែម្តង បណ្តាលឲ្យផ្ទុះ និងបង្កជា​ផ្សែងហុយទ្រលោម គួរឲ្យតក់ស្លុតបំផុត។

យន្តហោះខាង​លើដែលមានកៅ​អីអង្គុយចំនួន ៧៨កៅអី ត្រូវគេរាយការណ៍ថា មានផ្ទុក​​មនុស្ស ៧១នាក់ នៅលើនោះ ហើយភ្លាមៗ​នេះក្រុម​​ជួយភ្នាក់ងារ​សង្រ្គោះបន្ទាន់ និងពន្លត់អគ្គីភ័យ បានរួចរាន់ទៅកាន់ទីលាន​ទាត់បាល់ ជាទីដែលយន្តហោះ​បានធ្លាក់ចំ ហើយបន្តបន្ទាប់ទៀត មនុស្ស ៣៨នាក់ ត្រូវបានអះអាងថា ស្លាប់បាត់ទៅហើយ។

បើតាម​មន្រ្តី​នៅ​​អាកាសយានដ្ឋាន​ខាងលើ អ្នកដំណើរចំនួន ២៣នាក់ ត្រូវបានជួយ​សង្រ្គោះចេញពី​យន្តហោះ ​និងបញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​ គិត​​មក​ទល់​​ពេល​នេះ ខណៈក្រុមភ្នាក់ងារ​ពន្លត់អគ្គីភ័យ កំពុងបន្តព្យាយាម​ជួយសង្រ្គោះ អ្នកដំណើរ​ទាំងប៉ុន្មាននាក់​ផ្សេងទៀត ដោយមិនទាន់បញ្ជាក់ថា មានក្រុម​សហសេវិក និងអ្នកដំណើរ​ប៉ុន្មាននាក់​ ស្ថិតនៅក្នុងចំណោម​មនុស្សស្លាប់, ត្រូវបាន​ជួយសង្គ្រោះ និងកំពុងស្ថិតនៅក្នុង​គំនរយន្តហោះខ្ទេចខ្ទី​នោះឡើយ។

គួរជម្រាបថា បើតាមអ្នកនាំពាក្យ​នៃព្រលានយន្តហោះអន្តរជាតិ Tribhuvan ក្នុងរដ្ឋធានី Kathmandu យន្ត​ហោះ​របស់​​ក្រុមហ៊ុន​អាកាស​ចរណ៍ US-Bangla Airlines ​​ដែលបានហោះចេញ​មកពីរដ្ឋធានី​ដាកា​ ​នៃប្រទេស​បង់ក្លាដែស បានជ្រុលហួស​ចេញពីផ្លូវ នៅ​អំឡុង​ពេល​ចុះ​ចត​នា​​រសៀល​​ថ្ងៃ​ចន្ទ​នេះ ហើយបុកចំទីលានទាត់បាល់​មួយកន្លែង នៅ​ក្បែរ​អាកាសយានដ្ឋាន រួចក៏ឆាបឆេះឡើង ដែល​បង្ក​ជា​ដុំ​ផ្សែង​​ខ្មៅ​យ៉ាង​​សន្ធប់​ទៅ​លើ​ផ្ទៃ​មេឃ​៕