(កាត្មាន់ឌូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានជួបឧប្បដិហេតុនៅក្បែរព្រលានយន្តហោះ ទ្រីបហូវ៉ាន់ (Tribhuvan) នៃទីក្រុងកាត្មាន់ឌូ របស់ប្រទេសនេប៉ាល់ នៅរសៀលថ្ងៃចន្ទ នេះតែម្តង បណ្តាលឲ្យផ្ទុះ និងបង្កជាផ្សែងហុយទ្រលោម គួរឲ្យតក់ស្លុតបំផុត ខណៈនៅលើយន្តហោះមានមនុស្សជិះសរុប ៦៧នាក់។ នេះបើតាមការចេញផ្សាយព័ត៌មានបន្ទាន់ដោយ BBC នាល្ងាចថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
យន្តហោះខាងលើដែលមានកៅអីអង្គុយចំនួន ៧៨កៅអី ត្រូវគេរាយការណ៍ថា មានផ្ទុកមនុស្ស ៦៧នាក់ នៅលើនោះ ហើយភ្លាមៗនេះក្រុមជួយភ្នាក់ងារសង្រ្គោះបន្ទាន់ និងពន្លត់អគ្គីភ័យ បានរួចរាន់ទៅកាន់ទីលានទាត់បាល់ ជាទីដែលយន្តហោះបានធ្លាក់ចំ។ បើតាមមន្រ្តីនៅអាកាសយានដ្ឋានខាងលើ អ្នកដំណើរចំនួន ១៧នាក់ ត្រូវបានជួយសង្រ្គោះចេញពីយន្តហោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ គិតមកទល់ពេលនេះ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ កំពុងបន្តព្យាយាមជួយសង្រ្គោះ អ្នកដំណើរទាំងប៉ុន្មាននាក់ផ្សេងទៀត។
គួរជម្រាបថា បើតាមអ្នកនាំពាក្យនៃព្រលានយន្តហោះអន្តរជាតិ Tribhuvan ក្នុងរដ្ឋធានី Kathmandu យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ US-Bangla Airlines ដែលបានហោះចេញមកពីរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដែស បានជ្រុលហួសចេញពីផ្លូវ នៅអំឡុងពេលចុះចតនារសៀលថ្ងៃចន្ទនេះ ហើយបុកចំទីលានទាត់បាល់មួយកន្លែង នៅក្បែរអាកាសយានដ្ឋាន រួចក៏ឆាបឆេះឡើង ដែលបង្កជាដុំផ្សែងខ្មៅយ៉ាងសន្ធប់ទៅលើផ្ទៃមេឃ៕