(ដាម៉ាស)៖ កងទ័ពតួកគីព្រមទាំងក្រុមឧទ្ទាមស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានទៅដល់ជាយក្រុង Afrin ដែលគ្រប់គ្រងដោយក្រុមអ្នកឃើដ YPG ហើយ បន្ទាប់ពីបានបើកប្រតិបត្តិការយោធាយ៉ាងក្តៅគគុក អស់រយៈពេលប៉ុន្មានសប្តាហ៍មក ប្រឆាំងនឹងក្រុម YPG នៅតំបន់ភាគនិរតីនៃប្រទេសស៊ីរី។ នេះបើតាមការអះអាង នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
ស្របពេលដែលកងកម្លាំងតួកគី កំពុងត្រៀមនឹងសង្រ្គប់យកទីក្រុង Afrin ក្រុមអ្នកប្រយុទ្ធឃើដ កំពុងអំពាវនាវសុំជំនួយពីអន្តរជាតិ ដើម្បីទប់ទល់ប្រឆាំងនឹងការវាយលុករបស់តួកគី ខណៈប្រជាជនដែលរស់នៅក្នុងតំបន់ទីប្រជុំជននេះ ត្រូវគេរាយការណ៍ថា កំពុងតែរៀបចំពលីធ្វើជាខែលការពារ ដើម្បីប្រឹងប្រែងការពារទីក្រុងរបស់ពួកគេ ពីសត្រូវឈ្លានពាន ទោះបីជានៅក្នុងវិនាទីចុងក្រោយក៏ដោយ។
គួរជម្រាបថា ទីក្រុងអង់ការ៉ា បានបើកប្រតិបត្តិការយោធាឆ្លងព្រំដែនរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ដើម្បីបោសសម្អាតក្រុមអ្នកប្រយុទ្ធឃើដនៅស៊ីរី ហៅថា YPG ដែលគាំទ្រដោយសហរដ្ឋអាមេរិក ប៉ុន្តែត្រូវតួកគីចាត់ទុកថា ជាក្រុមភេរវករ និងមានជាប់ពាក់ព័ន្ធនឹងក្រុម PKK ដែលធ្លាប់បានបង្កការបះបោរ អស់ពេលប្រមាណជា ០៣ទសវត្សរ៍ នៅក្នុងប្រទេសតួកគី។
ក្រោយពីមានការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មក កងកម្លាំងយោធាតួកគី រួមនិងក្រុមអ្នកប្រយុទ្ធស៊ីរី FSA បានដណ្តើមកាន់កាប់រាល់ទីតាំងព្រំដែនទាំងឡាយនៃតំបន់ Afrin រួមមានក្រុងតូចៗមួយចំនួន ព្រមទាំងភូមិជាច្រើនផ្សេងទៀត មុនពេលមកដល់ជាយក្រុង Afrin នេះ៕