(វ៉ាស៊ីនតោន)៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពាក្យស្លោកសម្រាប់ការឈរឈ្មោះជា បេក្ខភាពប្រធានាធិបតីសម្រាប់អាណត្តិទីពីររបស់លោក គឺ «Keep America Great (បន្តរក្សាអាមេរិកឲ្យនៅអស្ចារ្យដដែល)» ដោយឈរលើពាក្យស្លោក នៃយុទ្ធការបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ «Make America Great Again (ធ្វើឲ្យអាមេរិកមានភាពអស្ចារ្យម្តងទៀត)» ហើយលោកក៏បានកោតសរសើរស្នាដៃដឹកនាំប្រទេសរបស់លោក ក្នុងរយៈពេលជាង ០១ឆ្នាំនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅឯរដ្ឋភែនស៊ីលវែនៀ (Pennsylvania) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា «ពាក្យស្លោកថ្មីរបស់លោក នៅពេលពួកយើងចាប់ផ្តើមយុទ្ធការបោះឆ្នោតនា ០២ឆ្នាំខាងមុខ គឺ «Keep America Great»។ យើងមិនអាចបន្តនិយាយថា «Make America Great Agian» ទៀតនោះឡើយ ពីព្រោះថាខ្ញុំបានសម្រេចរឿងនេះហើយ។ ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលដែលលោក ត្រាំ បានថ្លែងកោតសរសើរអំពីសមិទ្ធផលរបស់ខ្លួន នៅក្នុងអំឡុងពេលជាងមួយឆ្នាំកន្លងទៅនេះ រួមមានការបន្ធូរបន្ថយពន្ធ, ការស្ទុះឡើងនៃទីផ្សារហ៊ុន, និងចំនួនដ៏ប្រសើរនៃអ្នកមានការងារធ្វើជាដើម។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ នៅក្នុងអាណត្តិដឹកនាំបន្ទាប់របស់លោក ដោយបានប្រកាសពីការឈរឆ្នោតជាបេក្ខភាពប្រធានាធិបតីជាលើកទីពីរ នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ អាមេរិកឆ្នាំ២០២០ តាមរយៈការជ្រើសរើសអតីតទីប្រឹក្សាយុទ្ធនាការបោះឆ្នោតរបស់លោក គឺលោក ប្រ៊ែដ ផាស្កាល់ (Brad Parscale) ជាប្រធានគ្រប់គ្រងយុទ្ធនាការថ្មីរបស់លោក កាលពីចុងខែកុម្ភៈ គឺលឿនជាងអតីតប្រធានាធិបតីអាមេរិកទាំងអស់៕