(អាមេរិក)៖ គម្រោងដ៏អង់អាចរបស់ទីភ្នាក់ងារអវកាស NASA ដើម្បីជួយសង្រ្គោះមនុស្សលោកយើង ពីការវិនាសហិនហោច ក្រោមស្នាដៃនៃអាចម៍ផ្កាយ ដែលមានការគំរាមកំហែងខ្ពស់នោះ ទីបំផុតត្រូវបានលាតត្រដាងឲ្យដឹងហើយ ប៉ុន្តែថាតើទីភ្នាក់ងារអវកាសអាមេរិកមួយនេះ នឹងព្យាយាមកម្ទេចអាចម៍ផ្កាយ ដែលហោះសំដៅមកផែនដីទាំងនោះ ដោយវិធីណា? នេះបើតាមការដកស្រង់ព័ត៌មានអង់គ្លេស នៅថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
អាចម៍ផ្កាយដែលមានគន្លងចំផែនដី ធ្លាប់បានបង្កឲ្យមានការផុតពូជ នៅជុំវិញពិភពលោកតែម្តងកាលពីអតីតកាល ដោយវាបានបណ្តាលឲ្យពូជសត្វដាយណូស័រ រលាយសាបសូន្យពីភពផែនដី កាលពីប្រមាណជា ៦៥លានឆ្នាំមុន។ បើតាមប្រធានផ្នែកប្រមាញ់អាចម៍ផ្កាយ របស់អង្គការ NASA លោក Paul Chodas អាចម៍ផ្កាយប្រភេទ NEO (នៅកៀកផែនដី) នៅតែកំពុងបន្តបង្កការគំរាមកំហែង ចំពោះភពរបស់យើងដដែល។
បច្ចុប្បន្ន អាចម៍ផ្កាយជាង ១,៨០០ដុំនៅក្នុងទីអវកាស ត្រូវបានគេចាត់ថ្នាក់ថា ជាអាចម៍ផ្កាយគ្រោះថ្នាក់ ដែលបង្កជាក្តីព្រួយបារម្ភខ្លាំង ចំពោះសុវត្ថិភាពនៃភពផែនដី ហើយជាងអាចម៍ផ្កាយប្រភេទ NEO ជាង ១៦,០០០ដុំ ដែលមានគ្រប់ទំហំទាំងអស់ ត្រូវបានគេប្រទះឃើញគិតមកទល់ពេលនេះ។ ទោះបីជា NEO ទាំងនេះភាគច្រើននឹងត្រូវឆេះរលាយអស់ នៅក្នុងបរិយាកាសផែនដីក៏ដោយ ពួកវាប្រហែល ១២,០០០ដុំ មានមុខកាត់ទំហំវែងជាង ៥០ម៉ែត្រឯណោះ។
ដូច្នេះហើយ តើទីភ្នាក់ងារអវកាសឈានមុខគេលើពិភពលោក NASA បានរៀបចំខ្លួនយ៉ាងដូចម្តេច ដើម្បីដោះស្រាយការគំរាមកំហែងដ៏ខ្ពស់របស់អាចម៍ផ្កាយ? ចម្លើយគឺអាចអាស្រ័យទៅលើ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ពេលក្រោយដែលដុំថ្មអវកាសបិសាច ហោះសំដៅមករកភពរបស់យើង NASA អាចប្រើអាវុធនុយក្លេអ៊ែរ ដើម្បីកម្ទេចវាចោល។
គម្រោងដែលត្រូវលាតត្រដាងថ្មីៗនេះ បានបង្ហើបឲ្យដឹងពីយានអវកាសប្រភេទថ្មីមួយ ដែលរចនាឡើងដើម្បីដឹកជញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ទៅកាន់អាចម៍ផ្កាយទាំងឡាយ ដែលសំដៅចំមកផែនដី។ យានអវកាសនោះមានឈ្មោះថា HAMMER ដែលត្រូវបានរចនាឡើងដោយ NASA, រដ្ឋបាលសន្តិសុខជាតិនុយក្លេអ៊ែរអាមេរិក, និងក្រសួងថាមពលរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ សម្រាប់ពេលនេះ HAMMER គ្រាន់តែជាគោលគំនិតមួយប៉ុណ្ណោះ ដោយវាពុំទាន់មានផែនការជាក់លាក់ណាមួយ ដើម្បីផលិតវាឲ្យចេញជារូបរាងឡើងមែនទែននៅឡើយទេ។
គួរជម្រាបថា បើតាម NASA ជារៀងរាល់ ២,០០០ឆ្នាំម្តង អាចម៍ទំហំប៉ុនទីលានកីឡាបាល់ឱប តែងតែហោះមកទង្គិចផែនដី ហើយបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅក្នុងតំបន់ដែលវាធ្លាក់ចំ ខណៈដែលជារៀងរាល់ប៉ុន្មានលានឆ្នាំម្តង ដុំថ្មីអវកាសដ៏ធំមហាសាលមួយ ដែលអាចគំរាមដល់មនុស្សលោកទាំងមូលនៅលើផែនដី នឹងមកដល់ភពរបស់យើង៕