(ម៉ូស្គូ)៖ យោធារុស្ស៊ីបានឱ្យដឹងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល គីនហ្សាល់ (Kinzhal) ជាប្រភេទមីស៊ីលល្បឿនលឿនមួយ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានប្រកាសកាលពីដើមខែមីនា ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀពូទីន ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
ជាមួយគ្នានោះ ក្រសួងការពារជាតិរុស្ស៊ីក៏បានចេញផ្សាយផងដែរវីដេអូ បង្ហាញពីការធ្វើតេស្ដមីស៊ីលនេះ បាញ់ចេញពីយន្ដហោះចម្បាំងធុន MiG-31 និងចំគោលដៅយ៉ាងល្អឥតខ្ចោះ។ លើសពីនេះទៅទៀត ការធ្វើតេស្តមីស៊ីលប្រភេទនេះ ត្រូវបានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងម្ដងរួចមកហើយ កាលពីថ្ងៃទី០១ ខែមីនា នៅអំឡុងថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ សភាសហព័ន្ធ។ លោក ពូទីន បានហៅមីស៊ីល Kinzhal ថាជាប្រភេទមីស៊ីលល្អឥតខ្ចោះ។
គួរបញ្ជាក់ថា យោងតាមយោធារុស្ស៊ី Kinzhal គឺជាប្រភេទមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ១០ដង ហើយវាអាច ហោះបានដល់ទៅចំងាយ ២,០០០គីឡូម៉ែត្រ៕