(សេអ៊ូល)៖ ប្រភពពីក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានឱ្យដឹងថា កងទ័ពអាមេរិកគ្រោងនឹងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង USS Wasp ឱ្យមកចូលរួមធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងនៅខែមេសា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសាព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
យោងតាមប្រភពខាងលើ កងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា ដែលមានឈ្មោះថា «នាគពីរ» នៅ ដើមខែមេសាខាងមុខនេះ នៅក្នុងក្របខណ្ឌនៃសមយុទ្ធយោធាប្រចាំឆ្នាំ Foal Eagle។ ប៉ុន្តែប្រទេសទាំងពីរ មិនទាន់បានកំណត់ជាក់ពីកាលបរិច្ឆេទនៅឡើយទេ ខណៈគេរំពឹងថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នឹងបញ្ចប់ការធ្វើសមយុទ្ធយោធានេះឲ្យបាន នៅមុនកិច្ចប្រជុំកំពូលអន្តរកូរ៉េនៅចុងខែមេសា។
គួរបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំង USS Wasp ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ១៩៨៩ ហើយវាគឺជាប្រភេទនាវាចម្បាំងមានទម្ងន់ ៤០,៥០០តោន និងសមត្ថភាពផ្ទុកកងទ័ព ២.២០០នាក់ ព្រមទាំងអាចឱ្យយន្ដហោះចម្បាំង F-35B ចុះចត បានយ៉ាងងាយស្រួល៕