(អូទ្រីស)៖ បុរសអាយុ ២៦ឆ្នាំ ជាជនជាតិអូទ្រីសម្នាក់ ត្រូវបានបាញ់សម្លាប់នៅខាងក្រៅលំនៅដ្ឋានរបស់អគ្គរដ្ឋទូតអ៊ីរ៉ង់ ក្នុងទីក្រុងវីយ្យែន កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីរូបគេប្រើកូនកាំបិត ចាក់ឆ្មំាការពារសន្តិសុខម្នាក់ឱ្យរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
យោងតាមប៉ូលិសអូទ្រីស ខ្មាន់កាំបិតខាងលើបានស្លាប់នៅនឹងកន្លែង បន្ទាប់ពីក្រុមឆ្មាំយាមបាញ់រះទៅលើរូបគេ។ ប៉ុន្តែភ្លាមៗពុំទាន់មានការបញ្ជាក់ពីចេតនា នៃការវាយប្រហារនេះនៅឡើយទេ រីឯអត្ដសញ្ញាអ្នកវាយប្រហារនេះ ក៏មិនទាន់ត្រូវបានគេ បង្ហាញជាសាធារណៈនៅឡើយដែរ។
យ៉ាងណាក៏ដោយ សារព័ត៌មាននៅក្នុងស្រុកខ្លះ បានរាយការណ៍ថា ខ្មាន់កាំបិតរូបនេះ រស់នៅក្នុងទីក្រុងវីយ្យែន តែមានដើមកំណើតមកពីតំបន់ Tyrol នៃប្រទេសអូទ្រីស។ ចំណែកឯ ប៉ូលិសក៏បានដាក់បញ្ជាឱ្យមានការរឹតបន្តឹងសន្តិសុខ នៅបរិវេណស្ថានទូតអ៊ីរ៉ង់ផងដែរ៕